ព័ត៌មានអន្តរជាតិ

តំណាងរាស្រ្តបក្ស ប្រឆាំងរបស់ថៃ ថា ថៃខាតបង់ផ្នែកសេដ្ឋកិច្ច ២៥០ពាន់លានបាត ក្នុងមួយខែ ដោយសារការពន្យារ ពេលចាក់វ៉ាក់សាំង

បរទេស៖ ការខាតបង់សេដ្ឋកិច្ច របស់ប្រទេសថៃដោយសារការចាក់ វ៉ាក់សាំងយឺត ត្រូវបានគេមើលឃើញថា មានចំនួនប្រហែល ២៥០ ពាន់លានបាតក្នុងមួយខែ ហើយការពន្យាពេលនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការស្ទុះងើបឡើងវិញឆាប់រហ័ស ពីការរីករាលដាល នៃជំងឺរាតត្បាត ។ នេះបើយោងតាមសមាជិក សភាមកពីគណបក្សប្រឆាំង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកសភាម្នាក់មកពីគណបក្សឆ្ពោះទៅមុខ លោក Wiroj Lakkhanaadisorn បាននិយាយនៅថ្ងៃពុធថា ប្រទេសនេះស្ថិតនៅពីក្រោយបណ្តាប្រទេស ជាច្រើននៅក្នុងតំបន់ ក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង និងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ទទួលខុសត្រូវចំពោះការពន្យាពេលនេះ។

លោក Wiroj Lakkhanaadisorn បាននិយាយនៅពេលចូលរួម ក្នុងកិច្ចពិភាក្សាដេញដោលប្រឆាំងនឹងរដ្ឋាភិបាល លោកឧត្តមសេនីយ៍ប្រាយុទ្ធ នៅក្នុងសភា នៅថ្ងៃពុធថា «វ៉ាក់សាំងមិនត្រឹម តែសម្រាប់ការការពារជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ចកាន់តែលឿនថែមទៀតផង»។ លោកថា ជារៀងរាល់ថ្ងៃ រដ្ឋាភិបាលពន្យារពេលការចាប់ផ្តើម ចាក់វ៉ាក់សាំងរបស់ខ្លួន ប្រទេសនេះខាតបង់ចំនួន ៨,៣ ពាន់លានបាត។

សូមជម្រាបថា ការចាក់វ៉ាក់សាំង របស់ប្រទេសថៃ ទំនងជាមិនទទួលបានសន្ទុះទេ រហូតដល់ខែមិថុនា ដោយសារប្រទេសថៃ បានរង់ចាំការចាក់ថ្នាំបង្ការ ដែលផលិតដោយក្រុមហ៊ុន ផលិតឱសថក្នុងស្រុក ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន AstraZeneca Plc ។ ខណៈពេលដែលប្រទេសនេះ អាចចាប់ផ្តើមចាក់វ៉ាក់សាំងខ្លះពីក្រុមហ៊ុន Sinovac Biotech Ltd ចាប់ពីសប្តាហ៍ក្រោយនោះ ការបញ្ជាទិញជិត ៩៧% គឺសម្រាប់ការចាក់ថ្នាំបង្ការរបស់ក្រុមហ៊ុន AstraZeneca ដែលមិនទាន់បានត្រៀម សម្រាប់ចែកចាយរហូតដល់ចុងខែឧសភា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top