Covid-19

ថ្ងៃទី១៨ កុម្ភៈ ប្រទេសថៃបន្តរកឃើញ អ្នកឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៥០នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងស្រុកមាន ១៤២នាក់

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨កុម្ភៈ រដ្ឋាភិបាលថៃបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៥០ នាក់ថែមទៀត ដែលរួមមានការឆ្លងមេរោគក្នុងស្រុកចំនួន ១៤២ នាក់ និង ករណីនាំចូលចំនួន ៨ នាក់ ដែលបាននាំឱ្យប្រទេសនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ២៥ ១១១នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ករណីឆ្លងថ្មីចំនួន ១០៤នាក់ ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៣៨ នាក់ នៅមន្ទីរពេទ្យ។

សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៥ ១១១ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៣ ៩៤៦ នាក់ (៩៥.៣%) និង អ្នកជំងឺចំនួន ១ ០៨៣ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃពុធ មិនមានការប្រែប្រួលទេនៅចំនួន ៨២នាក់ដដែល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top