Covid-19

ចិន រិះគន់អ្នកនយោបាយលោកខាងលិច ចំពោះការចោទសួរ ពីភាពលំអៀងនៃការសិក្សា ប្រភពដើមនៃវីរុសកូវីដ-១៩

ប៉េកាំង៖ អ្នកនាំពាក្យចិនកាលពីថ្ងៃព្រហស្បតិ៍ បានស្តីបន្ទោសដល់អ្នកនយោបាយ លោកខាងលិចមួយចំនួន ចំពោះការចោទសួរអំពីភាពមិនលំអៀង នៃការសិក្សាប្រភពដើមវីរុសឆ្លងកូវីដ-១៩ ដោយបេសកម្មអង្គការ សុខភាពពិភពលោក នៅប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការមិនលំអៀងមិនមានន័យថា ការសន្មតនៃកំហុស ដែលមានគោលបំណង លើប្រទេសចិននោះទេ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា“ មានតែតាមរយៈការគោរពវិទ្យាសាស្ត្រ និងការពិតចំពោះអង្គហេតុប៉ុណ្ណោះ ទើបយើងអាចមានរបាយការណ៍មិនលំអៀង និងទាញសេចក្តីសន្និដ្ឋានផ្អែកលើវិទ្យាសាស្ត្រ” ។

លោកស្រីហួ បានបន្ដថា ក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក និងអ្នកស្រាវជ្រាវដែលពាក់ព័ន្ធ បានសម្តែងការខកចិត្ត ចំពោះការបង្ខូចទ្រង់ទ្រាយដោយចេតនា និងការដកស្រង់សម្តីរបស់ សមាជិកបេសកកម្ម ដោយបណ្តាញផ្សព្វផ្សាយ មួយចំនួនរបស់បស្ចឹមប្រទេស។

លោកស្រីហួ បានបន្ថែមថា ក្រុមអ្នកជំនាញចិន និងបរទេស ដែលជំនះឧបសគ្គដែលបាន កើតឡើងដោយរោគរាតត្បាត បានអង្គុយជាលើកដំបូងទល់មុខគ្នា សម្រាប់ការផ្លាស់ប្តូរស៊ីជម្រៅ និងមិត្តភាពលើបញ្ហាពាក់ព័ន្ធ។

សមាជិកបេសកកម្មជាច្រើនបានលើកឡើងថា ភាគីចិន គឺមានកិច្ចសហប្រតិបត្តិការខ្ពស់ដោយបន្ថែមថា ពួកគេត្រូវបានផ្តល់សិទ្ធិឱ្យទទួលបាន នូវទិន្នន័យថ្មីសំខាន់ៗ និងបានដឹងព័ត៌មានបន្ថែមទៀត អំពីវិធីរាលដាលនៃវីរុសនេះ។

លោកស្រីហួ បានបន្ថែមថា នេះគឺជាការបង្ហាញឥរិយាបថបែបវិទ្យាសាស្ត្រ និងវិជ្ជាជីវៈស្របពេលដែលការកត់សម្គាល់ របស់អ្នកនយោបាយមួយចំនួន គ្រាន់តែជាឧទាហរណ៍មួយទៀត នៃការធ្វើអន្តរាគមន៍ផ្នែកនយោបាយ នៅក្នុងវិស័យវិទ្យាសាស្ត្រ។

លោកស្រីបានគូសបញ្ជាក់ថា ប្រទេសចិនសង្ឃឹមថា ប្រទេសដែលពាក់ព័ន្ធនឹងចូលរួមផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក ប្រភពដើមជាសកល នៅក្នុងលក្ខណៈវិជ្ជមាន ផ្អែកលើវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការ និងចែករំលែកលទ្ធផល នៃការសិក្សារបស់ពួកគេ ៕

ដោយ ឈូក បូរ៉ា

To Top