ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឱ្យប្រទេសហត្ថលេខីនៅអឺរ៉ុប ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ គោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ ទាក់ទងនឹងផលប្រយោជន៍អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាផែនការសកម្មភាពរួម (JCPOA) ។

លោក Zarif បានសរសេរលើបណ្តាញអ៊ីនធឺណិតថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ត្រូវគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងទាមទារឱ្យបញ្ឈប់មរតករបស់លោក ត្រាំ នៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

ការកត់សម្គាល់របស់លោកបានធ្វើឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលពួកគេបានសម្តែង នូវការចាប់អារម្មណ៍ ផ្នែកសន្តិសុខជាមូលដ្ឋាន ក្នុងការលើកកម្ពស់របប មិនរីកសាយអាវុធនុយក្លេអ៊ែរ សម្រាប់អ៊ីរ៉ង់។

ក្រុមអ្នកការទូត នៃបណ្ដាប្រទេសខាងលើ ក៏បានសម្តែងការព្រួយបារម្ភរួមគ្នា ចំពោះសកម្មភាពថ្មីៗនេះរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ២០ ភាគរយ និងលោហៈធាតុអ៊ុយរ៉ាញ៉ូម។

លោកបានបន្ដថា“ វិធានការដោះស្រាយរបស់យើង គឺជាការឆ្លើយតប ចំពោះការរំលោភបំពាន របស់អាមេរិក / E3” (បារាំង អង់គ្លេស អាល្លឺម៉ង់)ដោយបន្ថែមថា“ លុបចោលបុព្វហេតុ ប្រសិនបើអ្នកខ្លាចផលប៉ះពាល់” ។

ដើម្បីឆ្លើយតបទៅនឹងការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពី JCPOA ក្នុងឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មឡើងវិញ អ៊ីរ៉ង់បានផ្អាកការអនុវត្តផ្នែកខ្លះ នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។

អ៊ីរ៉ង់បានរិះគន់ ចំពោះភាពអសកម្មរបស់ E3 ចំពោះការដកអាមេរិក ឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ដោយរដ្ឋបាលអាមេរិកមុន ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ៕ ដោយ ៖ ឈូក បូរ៉ា

To Top