ឡុងដ៌៖ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមន្រ្តី យោធាមីយ៉ាន់ម៉ា ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតរបស់ប្រទេសនេះ ដោយប្រទេសកាណាដា ក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ទណ្ឌកម្មអង់គ្លេសផ្តោតលើរដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Mya Tun Oo រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក Soe Htut និងអនុរដ្ឋមន្រ្តីក្រសួង ការបរទេសលោកឧត្តមសេនីយ៍ឯក Than Hlaing ។ អ្នកទាំងបីត្រូវបាមបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅប្រទេសអង់គ្លេសឡើយ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេស ក៏នឹងរារាំងជំនួយរបស់ខ្លួនពីការគាំទ្រ ដោយប្រយោលដល់រដ្ឋាភិបាល ដែលដឹកនាំដោយយោធារបស់មីយ៉ាន់ម៉ា និងធានាថាជំនួយនឹងទៅដល់តែប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ យោធា និងប៉ូលីសមីយ៉ាន់ម៉ា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានការរំលោភសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ សិទ្ធិមិនត្រូវទទួលរងការចាប់ខ្លួន ឬឃុំខ្លួនដោយខុសច្បាប់និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ” ។
នៅក្នុងនោះដែរ ដឹកនាំដោយឧត្តមសេនីយ៍លោក Min Aung Hlaing កងយោធាបានឃុំខ្លួនមេដឹកនាំបែបប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជននយោបាយដទៃទៀតបន្ទាប់ពីរដ្ឋប្រហារ។
យោធាបានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត យ៉ាងច្រើននៅក្នុងការបោះឆ្នោត ទូទៅកាលពីខែវិច្ឆិកាកន្លងទៅ ដែលក្នុងនោះគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។
យោធាបានឲ្យដឹងផងដែរថា ការបោះឆ្នោតថ្មី នឹងត្រូវធ្វើឡើង បន្ទាប់ពីមានភាពអាសន្ន ត្រូវបានដកចេញក្នុងរយៈពេល ១ឆ្នាំ ហើយអំណាចនឹងត្រូវផ្ទេរទៅឱ្យគណបក្សឈ្នះឆ្នោត។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើសមាជិក យោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនពាក់ព័ន្ធរួចហើយដែរ៕
ដោយ ឈូក បូរ៉ា