Covid-19

មេដឹកនាំ G-7 ប្តេជ្ញាចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឲ្យមានតម្លាភាពដល់ ប្រទេសកំពុងអភិវឌ្ឍន៍

តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង ៧ G-7 នៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា នឹងធានាឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសហប្រតិបត្តិការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមួយនេះ ងើបឡើងវិញពីជំងឺរាតត្បាត។

បណ្ដាមេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាថា“ យើងនឹងធ្វើការរួមគ្នា និងជាមួយអ្នកដទៃទៀត ដើម្បីធ្វើឱ្យឆ្នាំ២០២១ ក្លាយជារបត់មួយ សម្រាប់ពហុភាគីនិយម និងដើម្បីរៀបចំការស្តារឡើងវិញ ដែលលើកកម្ពស់សុខភាព និងវិបុលភាពរបស់ប្រជាជន និងភពផែនដីរបស់យើង” ។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូល G-7 លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ចាប់តាំងពីលោកបានចូល កាន់តំណែងនៅខែកញ្ញា និងជាសន្និសីទអន្តរជាតិដ៏ធំលើកដំបូង ដែលចូលរួមដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលត្រូវបានធ្វើឡើងខណៈ ដែលវីរុសកូវីដ-១៩ បានឆ្លងដល់មនុស្សជាង ១១០ លាននាក់ និងបានឆក់យកជីវិតមនុស្សជាង ២,៤ លាននាក់នៅទូទាំងពិភពលោក។

មេដឹកនាំទាំងអស់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការផ្តល់ជំនួយ ៧,៥ ពាន់លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកវ៉ាក់សាំងការពារជំងឺកូវិដ-១៩ ទៅប្រទេសកំពុងអភិវឌ្ឍន៍។

នាយករដ្ឋមន្រ្តីជប៉ុន បានស្នើសមភាគីរបស់លោក ឲ្យ គាំទ្រការពន្យារពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលត្រូវបានពន្យារពេល ដែលជាសំណើដែលបានកើតឡើង ចំពេលដែលមានការសង្ស័យ ជាសាធារណៈអំពីថា តើការប្រកួតអាចបន្តទៅមុខបានដែរឬយ៉ាងណា នៅពេលមានវិបត្តិសុខភាពពិភពលោក។

មេដឹកនាំទាំងអស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមថា គាំទ្រការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក“ ប្រកបដោយសុវត្ថិភាព នៅរដូវក្តៅនេះ ដែលជានិមិត្តរូបនៃការរួបរួមពិភពលោក ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩” ៕

ដោយ ឈូក បូរ៉ា

To Top