បរទេស ៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បាននិយាយថា ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តថ្នាំវ៉ាក់សាំងកូរ៉ូណាទី៣ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស បើទោះជាការសាកល្បង ចាក់ទ្រង់ទ្រាយធំ នូវថ្នាំឈ្មោះថា CoviVac និងផលិត ដោយមជ្ឈមណ្ឌល Chumakov នោះ មិនទាន់បានចាប់ផ្តើមក៏ដោយ ។
ប្រទេសរុស្ស៊ី បានអនុម័តរួចហើយ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនពីរ ដែលរួមបញ្ចូលទាំងថ្នាំ Sputnik V អភិវឌ្ឍផលិត ដោយវិទ្យាស្ថាន Gamaleya ក្រោយមានវិធីសាស្ត្រស្រដៀងគ្នា នៃការអនុម័តយល់ព្រមឲ្យប្រើប្រាស់ នៅមុនពេលឃើញលទ្ធផល នៃការវិនិច្ឆ័យដំណាក់កាលចុងក្រោយ ។
ការអនុម័តមុនបែបនេះ បង្កឲ្យមានក្តីព្រួយបារម្ភ នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រមួយចំនួន នៅក្នុងប្រទេសលោកខាងលិច ប៉ុន្តែការចាក់ដំបូង នៃថ្នាំទំាងពីរនោះ បានចាប់ផ្តើមក្នុងទ្រង់ទ្រាយធំ នៅក្នុងប្រទេសរុស្ស៊ី ក្រោយការសាកល្បង បានបញ្ចប់និងបង្ហាញ ឲ្យឃើញពីភាពជោគជ័យ ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Mishustin បានមានប្រសាសន៍ដូច្នេះថា “នៅថ្ងៃនេះ ប្រទេសរុស្ស៊ី ជាប្រទេសតែមួយគត់ ដែលបានអនុម័តថ្នាំវ៉ាក់សាំងចំនួន៣ ប្រឆំាងនឹងជម្ងឺកូវីដ១៩”៕
ប្រែសម្រួល៖ប៉ាង កុង