ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់សិក្សាពីជំនួបក្រៅផ្លូវការ ជាមួយអាមេរិក ដែលស្នើឡើង ដោយសហភាពអឺរ៉ុប

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែសិក្សា លើសំណើសហភាពអឺរ៉ុបមួយ ដែលសុំឲ្យមានជំនួបក្រៅផ្លូវការ រវាងសមាជិកបច្ចុប្បន្ន របស់កិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែនៅមិនទាន់ធ្វើការឆ្លើយតប នឹងវានៅឡើយនោះទេ ។

ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក មានការខ្វែងគំនិតគ្នា ជុំវិញអ្នកដែលគួរតែបោះជំហានមុន ក្នុងដំណើរស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥។ អ៊ីរ៉ង់ទទូចថា សហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្ម របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាមុន ចំណែកទីក្រុងវ៉ាស៊ីនតោននិយាយថា ទីក្រុងតេអេរ៉ង់ ត្រូវតែវិលត្រឡប់ អនុវត្តកិច្ចព្រមព្រៀងមុន។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នៅដើមខែនេះ បានលើកឡើងពីវិធីយកឈ្នះភាពជាប់គាំងរវាងអាមេរិកនិងអ៊ីរ៉ង់ ជុំវិញអ្នកដែលត្រូវបោះជំហានមុន ក្នុងការវិលត្រឡប់ទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដោយនិយាយថា ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប លោក Josep Borrell អាចនឹងធ្វើសមកាលកម្ម ឬក៏រៀបចំសកម្មភាពនានា ។

នៅក្នុងបទសម្ភាសន៍មួយ លោក Abbas Araqchi បាននិយាយប្រាប់ថា “យើងកំពុងតែសិក្សាពីសំណើរបស់លោក ដែលឲ្យរៀបចំជំនួបក្រៅផ្លូវកា៤បូក១ ជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយយើងកំពុងតែប្រឹក្សាគ្នាជាមួយដៃគូរបស់យើង ដែលរួមមានទាំងប្រទេសរុស្ស៊ីនិងចិន ហើយយើងនឹងឆ្លើយតបចំពោះសំណើនេះ នៅពេលអនាគត”៕

To Top