បរទេស៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភ ចំពោះច្បាប់ការពារដែនសមុទ្រ ទើបតែអនុម័តថ្មីៗនេះរបស់ចិន និងថា វាអាចនឹងបង្កើនជម្លោះដែនសមុទ្រ និងអាចបង្កឲ្យមានការអះអាង កម្មសិទ្ធិខុសច្បាប់។
ប្រទេសចិន ដែលមានជម្លោះ អធិបតេយ្យភាពដែនសមុទ្រ ជាមួយប្រទេសជប៉ុន នៅដែនសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅដែនសមុទ្រចិនខាងត្បូង បានអនុម័តច្បាប់មួយកាលពីខែមុន ដែលជាលើកដំបូង អនុញ្ញាតជាក់ស្តែង ឲ្យកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេសនានា។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយប្រាប់ សន្និសីទកាសែតមួយថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភនៅក្នុងច្បាប់ ដែលពាក់ព័ន្ធជាក់ស្តែង ចំពោះកាប្រើប្រាស់កម្លាំង រួមបញ្ចូលទាំងកម្លាំងប្រដាប់អាវុធ ដោយកងកម្លាំងការពារដែនសមុទ្រចិន ចំពោះការអនុវត្តការអះអាងកម្មសិទ្ធិចិន និងជម្លោះទឹកដីនិងដែនសមុទ្រ នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាមួយប្រទេសជប៉ុននិងហ្វីលីពីន និងបានធ្វើប្រតិបត្តិការល្បាតទ័ពជើងទឹកជាប្រក្រតី នៅក្នុងតំបន់ ដើម្បីប្រជែងនិងការអះអាង កម្មសិទ្ធដែនសមុទ្ររបស់ចិន៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
