វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិកយោធា នៃរបបយោធារបស់មីយ៉ាន់ម៉ា ២ រូបជុំវិញការធ្វើរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈរបស់ប្រទេសនេះ ខណៈការធ្វើបាតុកម្មរីករាលដាលកាន់តែធំឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងបង្កកទ្រព្យសម្បត្តិណាមួយ របស់សហរដ្ឋអាមេរិក និងផ្អាកការចូលប្រទេសរបស់សមាជិកពីរនាក់នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលកំពុងកាន់អំណាចថ្មី គឺឧត្តមសេនីយ៍ Maung Maung Kyaw ដែលបានបញ្ជាកងទ័ពអាកាស និងឧត្តមសេនីយ៍ឯក Moe Myint Tun។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាត្រូវតែផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនឡើងវិញ និងស្តាររដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅភូមាជាបន្ទាន់ បើមិនដូច្នេះទេក្រសួងរតនាគារ នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមទៀតនោះទេ។
ដោយប្រើឈ្មោះចាស់របស់មីយ៉ាន់ម៉ា លោក Antony Blinken បានលើកឡើងថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមទៀតចំពោះអ្នកដែលប្រព្រឹត្តិអំពើហិង្សា និងគាបសង្កត់ឆន្ទៈរបស់ប្រជាជននោះឡើយ។ យើងនឹងមិនលះបង់ការគាំទ្ររបស់យើង ចំពោះប្រជាជនភូមានោះទេ” ។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងអំពាវនាវឱ្យយោធា និងប៉ូលីស បញ្ឈប់រាល់ការវាយប្រហារលើក្រុមអ្នកតវ៉ា ដោយសន្តិវិធីសូមដោះលែងអ្នក ដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ទាំងអស់ បញ្ឈប់ការវាយប្រហារ និងការបំភិតបំភ័យអ្នកសារព័ត៌មាន និងសកម្មជន និងស្តាររដ្ឋាភិបាលដែលបានជ្រើសរើសដោយប្រជាធិបតេយ្យ” ។
ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហភាពអឺរ៉ុប ក៏បានអនុម័តទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា បង្កើនសម្ពាធអន្តរជាតិជុំវិញរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលឧត្តមសេនីយ៍ បានទម្លាក់មេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី៕
ដោយ ឈូក បូរ៉ា