ព័ត៌មានអន្តរជាតិ

ទង់ជាតិអ៊ីតាលីនិង EU បង្ហូតពាក់កណ្តាល ដើម្បីរំលែកទុក្ខដល់សពអគ្គរដ្ឋទូត ដែលត្រូវបានសម្លាប់នៅកុងហ្គោ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទង់របស់សហភាព អ៊ឺរ៉ុប និងប្រទេសអ៊ីតាលី នៅក្នុងទីក្រុងប្រ៊ូសែល ត្រូវបានបង្ហូតត្រឹម ពាក់កណ្តាល ក្នុងគោល បំណងដើម្បីចូលរួមរំលែកទុក្ខ ដល់សពរបស់អគ្គរដ្ឋទូតលោក Lucas Attanasio ដែលត្រូវបានគេបាញ់សម្លាប់ នៅសាធារណៈរដ្ឋកុងហ្គោ។

លោក Attanasio ព្រមទាំងមនុស្ស២នាក់ទៀត ត្រូវបានបាញ់សម្លាប់ នៅក្នុងពេលដែលលោក បានចូលរួមជាមួយ នឹងក្រុមក្បួនជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅភាគខាងជើង នៃប្រទេសកុងហ្គោកាលពីថ្ងៃចន្ទ។ អជ្ញាធរក្នុងតំបន់កើតហេតុ បាននិយាយថា ក្រុមខ្មាន់កាំភ្លើងមានគ្នាច្រើននាក់ បានបញ្ឈប់ក្បួនធ្វើដំណើរ និងទាមទារលុយពីពួកគេ ហើយក៏បានបាញ់សម្លាប់ពួកគេតែម្តង។

នៅក្រោយហេតុការណ៍ភ្លាម ពោលគឺនៅល្ងាចថ្ងៃដដែល កុងហ្គោអាចកំណត់បានក្រុមឧក្រិដ្ឋជន ដែលត្រូវបានគេស្គាល់ថា ជាក្រុមឧទ្ទាម ដើម្បីប្រជាធិបតេយ្យ FDLR ដែលជារឿយៗ គឺជាក្រុមដែលមានសកម្មភាពខ្លាំង នៅក្នុងតំបន់នោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top