ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស G-7 ថ្កោលទោសអំពើហិង្សា លើការធ្វើបាតុកម្ម ដោយសន្តិវិធីនៅមីយ៉ាន់ម៉ា

ឡុងដ៌៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារបានថ្កោលទោស អំពើហិង្សាប្រឆាំងនឹងការតវ៉ា ដោយសន្តិវិធីរបស់កងកម្លាំងសន្តិសុខ របស់ប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំ បានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលប្រជាជន ចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ។

រដ្ឋមន្រ្តី G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានអំពើហិង្សា ដែលបានបណ្តាលឱ្យបាតុករ ៣ នាក់បានស្លាប់ រួមទាំងពីរនាក់ នៅក្នុងទីក្រុងម៉ាន់ដាណៃ ដែលជាទីក្រុងធំជាងគេទី២ របស់ប្រទេសកាលពីថ្ងៃសៅរ៍។

ស្ត្រីវ័យក្មេងម្នាក់ ដែលត្រូវបានគេបាញ់ចំក្បាលក្នុងបាតុកម្ម កាលពីថ្ងៃទី០៩ ខែកុម្ភៈ នៅរដ្ឋធានីណៃពិដោរ បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីទទួលការព្យាបាល អស់រយៈពេល ១០ ថ្ងៃ។

ក្រុមរដ្ឋមន្រ្តីបានទទូចដល់យោធា និងប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តការអត់ធ្មត់ និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យបញ្ឈប់នូវ“ គោលដៅជាលក្ខណៈប្រព័ន្ធ របស់ក្រុមអ្នកតវ៉ា រួមមានទាំងវេជ្ជបណ្ឌិត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន” ។

ជាថ្មីម្តងទៀត G-7 បានអំពាវនាវ ឱ្យមានការដោះលែងមន្ត្រីជាផ្លូវការភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ រួមមានទាំងមេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រីអ៊ុងសាន ស៊ូជី។

គួរបញ្ជាក់ថា ក្រុម G-7 រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អ៊ឺរ៉ុបជាដើម។

កាលពីព្រឹកថ្ងៃច័ន្ទ​ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែម លើរដ្ឋាភិបាល ដែលដឹកនាំដោយយោធា របស់ប្រទេសមីយ៉ាន់ម៉ា លើការធ្វើរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ និងអំពើហិង្សា ប្រឆាំងនឹងបាតុកម្មប្រឆាំងរដ្ឋប្រហារ៕ ដោយ៖ ឈូក បូរ៉ា

To Top