តេអេរ៉ង់ ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រម តាមសំណើរបស់កូរ៉េខាងត្បូង ស្តីពីវិធីប្រើប្រាស់ទ្រព្យ សម្បត្តិរបស់ខ្លួន ដែលត្រូវបានចាក់សោរនៅទីក្រុងសេអ៊ូល ប៉ុន្តែរាល់ការដកប្រាក់ទាំងនោះនឹងត្រូវធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយសហរដ្ឋអាមេរិក ។
ការអត្ថាធិប្បាយរបស់ក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានអះអាងថាខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងសេអ៊ូល ស្តីពីការផ្ទេរ និងការប្រើប្រាស់មូលនិធិរបស់ខ្លួនប្រមាណ ៧ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងធនាគារ កូរ៉េខាងត្បូង។
កិច្ចព្រមព្រៀងនេះ ត្រូវបានឈានដល់កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងអភិបាល ធនាគារកណ្តាលអ៊ីរ៉ង់ លោកAbdolnaser Hemmati និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅអ៊ីរ៉ង់ លោករីយូជុងហ៊ីន។
ប្រភពបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងលើទិសដៅ សម្រាប់ការផ្ទេរប្រាក់ហើយថា ធនាគារកណ្តាលអ៊ីរ៉ង់ បានជូនដំណឹងដល់ទីក្រុងសេអ៊ូលអំពីចំនួនទឹកប្រាក់ ដែលខ្លួនចង់ផ្ទេរ។
រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានដាក់សម្ពាធក្រុងសេអ៊ូល ឲ្យទប់ស្កាត់ការចាក់សោរប្រាក់ដោយសារទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ ទីក្រុងសេអ៊ូល បានពិភាក្សាជាមួយ ក្រុងវ៉ាស៊ីនតោន អំពីវិធីដើម្បីផ្ទេរប្រាក់ដោយមិនរំលោភ លើទណ្ឌកម្មរួមទាំងការពង្រីកពាណិជ្ជកម្ម មនុស្សធម៌ជាមួយប្រទេសមជ្ឈឹមបូព៌ា ។
អ្នកនាំពាក្យក្រសួងលោក Choi Young-sam បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “ក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូត និងអភិបាលអ៊ីរ៉ង់ ភាគីទាំងពីរបានផ្តោតគំនិតគ្នា កាន់តែខ្លាំងឡើងនៅពេល ដែលភាគីអ៊ីរ៉ង់បានសម្តែងការ យល់ព្រមចំពោះសំណើ ដែលយើងបានធ្វើ”៕ដោយ ឈូក បូរ៉ា