បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង របស់ក្រុមហ៊ុន AstraZeneca បានដឹកមកដល់ប្រទេសវៀតណាមហើយ នៅរសៀលថ្ងៃពុធនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ទីក្រុងហូជីមិញ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Trương Quốc Cường និង លោក Emily Hamblin អគ្គកុងស៊ុលនៅទីក្រុងហូជីមិញម្នាក់ៗកាន់ទង់ជាតិប្រទេសរៀងៗខ្លួននិងតំណាងមកពីអ្នកនាំចូលវ៉ាក់សាំងវ៉ាក់ Việt Nam Vaccine JSC (VNVC) មានវត្តមាននៅអាកាសយានដ្ឋាន ដើម្បីស្វាគមន៍មកដល់វ៉ាក់សាំងចំនួន ១១៧ ៦០០ ដូស។
នេះជាផ្នែកមួយនៃការបញ្ជាទិញដំបូង ២០៤ ០០០ដូស ដែលត្រូវបានផ្តល់ការអនុញ្ញាតិជាបន្ទាន់លើការនាំចូលពីក្រសួងសុខាភិបាលបន្ទាប់ពីមានការកើនឡើងនៃការផ្ទុះឡើងជំងឺនៅក្នុងសហគមន៍ក្នុងរយៈពេល ២៧ ថ្ងៃចុងក្រោយនេះ។
VNVC បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AstraZeneca កាលពីខែវិច្ឆិកាដើម្បីទិញចំនួនសរុប ៣០ លានដូសដែលនឹងត្រូវចែកចាយជាដំណាក់កាលពេញមួយឆ្នាំ ២០២១ ៕ប្រែសម្រួលៈ ណៃ តុលា