បរទេស៖ អង្គភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយប្រាប់ថា រដ្ឋាភិបាលរបស់ប្រទេសកូឡំប៊ី ត្រូវតែធ្វើឲ្យប្រសើរឡើងនូវកិច្ចការពារ សកម្មជនសិទ្ធិមនុស្សនិងជនស៊ីវិល ត្រូវតែមានវត្តមានកាន់តែច្រើនឡើង នៅក្នុងតំបន់ដាច់ស្រយ៉ាលក្រីក្រ និងអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាម FARC ដើម្បីទប់ស្កាត់អំពើហិង្សា។
ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចុះប្រាប់ពីការសម្លាប់សកម្មជននិងមេដឹកនាំសហគមន៍នានាចំនួន១៣៣ករណី កាលពីឆ្នាំមិញនេះ គឺបានកើនឡើងចំនួន២៥នាក់ បើប្រៀបទៅនឹងឆ្នាំមុននោះ។
អង្គភាពអង្គការសហប្រជាជាតិនេះ បាននិយាយប្រាប់ថាការអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍របស់ពួកឧទ្ទាមកូឡំប៊ី ដែលដំបូងឡើយ បាននាំឲ្យមានការថយចុះក្នុងអំពើហិង្សានោះ គឺជាគន្លឹះសំខាន់ចំពោះការទប់ស្កាត់អំពើហិង្សា។
លោក Juliette de Rivero ជាតំណាងប្រចាំប្រទេសកូឡំប៊ីរបស់ការិយាល័យអង្គការសហប្រជាជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រឿងសំខាន់បំផុតនោះ គឺការដាក់កិច្ចព្រមព្រៀងសន្តិភាពឲ្យនៅកណ្ដាលនៃការឆ្លើយតបរបស់រដ្ឋាភិបាល ដោយពង្រឹងយន្តការបង្កើតដោយកិច្ចព្រមព្រៀង សម្រាប់ស្ថានភាពបែបនេះ”៕ប្រែសម្រួល៖ប៉ាង កុង