ព័ត៌មានអន្តរជាតិ

រឹបអូសបានកូកាអ៊ីន ២៣តោន តម្លៃរាប់ពាន់លានដុល្លារ នៅអាល្លឺម៉ង់ និងប៊ែលហ្ស៊ិក

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អជ្ញាធរគយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិកបានធ្វើការរឹបអូស បាននូវជាតិកូកាអ៊ីនដែលមានទំហំ រហូតទៅដល់ ២៣តោន និងត្រូវបានគេដឹងថា កំពុងត្រៀមឆ្ពោះទៅកាន់ ប្រទេសហូឡង់ជាគោលដៅចុងក្រោយ។

មន្ត្រីរបស់អាល្លឺម៉ង់ ត្រូវបានគេដឹងថា បានរកឃើញកូកាអ៊ីនចំនួន ១៦តោន នៅក្នុងទូកុងទីន័រចំនួន៥ ដែលបានធ្វើដំណើរមកដល់ផែទីក្រុង Hamburg ពីប្រទេសបារ៉ាហ្គាយតាំងតែពី ដើមខែមកម្ល៉េះខណៈដែល ៧,២តោនទៀត ត្រូវបានរឹបអូសដោយអជ្ញាធរនៃផែ Antwerp ប្រទេសប៊ែលហ្ស៊ិកហើយតាម ការគណនារបស់មន្ត្រីអាល្លឺម៉ង់ បាននិយាយថា វាអាចមានទំហំរហូត ទៅដល់រាប់ពាន់លានដុល្លារ។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសវ័យ២៨ឆ្នាំ ជាជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ដោយសារមានការពាក់ព័ន្ធទៅនឹងទំនិញទាំងនេះ ហើយការចាប់ខ្លួននេះត្រូវបានធ្វើឡើង នៅក្នុងប្រទេសហូឡង់។

អជ្ញាធរគយ នៃប្រទេសអាល្លឺម៉ង់បាននិយាយថា យើងអាចព្យាករណ៍ ទៅលើទំហំរបស់វានៅក្នុង ពេលនេះចន្លោះពី ១,៨ពាន់លានដុល្លារ ទៅ៤,២ពាន់លានដុល្លារ ក្នុងកូកាអ៊ីនចំនួន ១៦តោន។ ការរឹបអូសលើកនេះត្រូវបានគេដឹងថា គឺជាការរឹបអូសថ្នាំញៀនដែលមានតម្លៃ ថ្លៃបំផុតមិនធ្លាប់មានឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top