បរទេស៖ យោធារបស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយថា ពួកគេបានព្រមព្រៀងគ្នា អង្កេតមើលបទឈប់បាញ់គ្នា នៅតាមព្រំដែនមានជម្លោះ ក្នុងតំបន់កាស្មៀរ ដែលធ្លាប់មានការបាញ់គ្នារាប់រយដង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
ប្រទេសជិតខាងគ្នា ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែនេះ បានចុះហត្ថលេខា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា នៅតាមជួរគ្រប់គ្រង ក្នុងតំបន់កាស្មៀរ កាលពីឆ្នាំ២០០៣ ប៉ុន្តែបទឈប់បាញ់គ្នានោះ សាបរលាបក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមានចំនួនជនរងគ្រោះកើនឡើង នៅក្នុងចំណោមអ្នកភូមិ ដែលរស់នៅជិតតំបន់ព្រំដែន។
សេចក្តីថ្លែងការណ៍រួមនោះ បាននិយាយថា “ភាគីទាំងពីរ បានព្រមព្រៀងគ្នា សម្រាប់ការអង្កេតមើលយ៉ាងហ្មត់ចត់ លើកិច្ចព្រមព្រៀង ការយោគយល់គ្នា និងបទឈប់បាញ់គ្នាទាំងអស់ នៅតាមជួរត្រួតពិនិត្យ ហើយវិស័យដទៃទាំងអស់ មានប្រសិទ្ធភាព ចាប់ពីពាក់កណ្ដាល យប់ថ្ងៃទី២៤និង២៥ ខែកុម្ភៈ ឆ្នាំ២០២១តទៅ”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការវិលត្រឡប់មកកាន់បទឈប់បាញ់គ្នានេះ គឺត្រូវបានធ្វើឡើង ដោយអគ្គនាយកប្រតិបត្តិការយោធា របស់កងទ័ពទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង