ព័ត៌មានអន្តរជាតិ

តំណាងពាណិជ្ជកម្ម របស់លោក បៃដិន ប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ត ដោយប្រយ័ត្នប្រយែង ក្នុងការវិលត្រឡប់ទៅរក TPP វិញ

វ៉ាស៊ីនតោន ៖ អ្នកតំណាងពាណិជ្ជកម្ម របស់ប្រធានាធិបតីលោក ចូ បៃដិន លោកស្រី Katherine Tai បានប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ដើម្បីដោះស្រាយនូវអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការអនុវត្តសេដ្ឋកិច្ច អយុត្តិធម៌របស់ចិន ប៉ុន្តែបានប្រុងប្រយ័ត្ន ចំពោះការវិលត្រឡប់ ទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ាស៊ីហ្វិកដ៏ធំមួយ ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញកាលពី ៤ឆ្នាំមុន ។

ដោយកត់សម្គាល់ពីអតីតកាល របស់លោកស្រី ជាប្រធានពង្រឹងប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន នៅការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកលោកស្រី Tai បានឲ្យដឹងនៅក្នុងសវនាការបញ្ជាក់ របស់ព្រឹទ្ធសភាថា លោកស្រីដឹងពីសារៈសំខាន់ចាំបាច់ នៃការមានផែនការយុទ្ធសាស្ត្រ និងជាប់ទាក់ទង សម្រាប់ធ្វើឱ្យចិន ទទួលខុសត្រូវ ចំពោះការសន្យារបស់ខ្លួននិងប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព ។

លោកស្រីបានលើកឡើងថា“ ខ្ញុំដឹងថាវាមានសារៈសំខាន់ណាស់ ក្នុងការកសាងនូវអ្វី ដែលលោកប្រធានាធិបតីបានហៅថា រណសិរ្សរួបរួមរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក” ។

សុន្ទរកថារបស់លោកស្រី បង្ហាញពីបំណងផ្លាស់ប្តូរពីវិធីសាស្រ្តតែមួយ របស់រដ្ឋបាលមុន ក្រោមការគ្រប់គ្រងរបស់អតីត ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលអ្នករិះគន់លើកឡើងថា បានធ្វើឱ្យសម្ព័ន្ធមិត្តបែកបាក់ និងធ្វើឱ្យអន្តរាយដល់ការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាពដល់ប្រទេសចិន។

លោកស្រី Tai ក៏បានឲ្យដឹងផងដែរថា លោកស្រីនឹងធ្វើការ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលគេហៅថា សហរដ្ឋអាមេរិក – ចិនដំណាក់កាលទី១ ដែលទីក្រុងប៉េកាំង យល់ព្រមបង្កើនការទិញផលិតផល របស់សហរដ្ឋអាមេរិកពង្រឹង ការការពារកម្មសិទ្ធិបញ្ញា និងដោះស្រាយការចោទប្រកាន់ពីការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ។

អ្នកជំនាញការពាណិជ្ជកម្មរូបនេះ បានឲ្យដឹងនៅ ចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាខាងហិរញ្ញវត្ថុដោយយោង ទៅលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំមុនបន្ទាប់ពីមានបទប្បញ្ញត្តិមួយ ដែលថា ចិនតម្រូវមានការសន្យា ដែលប្រទេសចិន បានសន្យាថា “ប្រទេសចិនត្រូវតែធ្វើ” ។

ទន្ទឹមនឹងនេះដែរលោកស្រី បានបង្ហាញ ការប្រុងប្រយ័ត្នថា តើសហរដ្ឋអាមេរិក គួរតែធ្វើការឆ្ពោះទៅរកការ វិលត្រឡប់ យ៉ាងឆាប់រហ័សនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលពេលនោះលោក ត្រាំ បានដកខ្លួនចេញភ្លាមៗ បន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ដោយសារការព្រួយបារម្ភអំពីការបាត់បង់ការងាររបស់សហរដ្ឋអាមេរិក ដែលអាចកើតមាន៕
ដោយ ឈូក បូរ៉ា

To Top