ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គម្រាម បញ្ចប់កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារ នុយក្លេអ៊ែអន្តរជាតិ ដោយសារការជំរុញ ឲ្យរិះគន់ខ្លួនដឹកនាំ ដោយអាមេរិក

បរទេស ៖ ប្រទេសអ៊ីរ៉ង់ កំពុងតែគម្រាមបញ្ចប់កិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងជាមួយទីភ្នាក់ងារឃ្លំាមើល នុយក្លេអ៊ែ អង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍មុន ដែលជួយស្រោចស្រង់យ៉ាង ច្រើនជាបណ្ដោះអាសន្ន ដល់ការឃ្លាំមើលសកម្មភាពនានា ប្រសិនបើក្រុមប្រឹក្សា របស់ទីភ្នាក់ងារនេះ គាំទ្រការជំរុញ របស់សហរដ្ឋអាមេរិក ឲ្យរិះគន់ទីក្រុងតេអេរ៉ង់នៅសប្ដាហ៍ក្រោយ ។

ទីក្រុងតេអេរ៉ង់នៅក្នុងសប្ដាហ៍នេះ បានបន្ថយសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ដោយបញ្ចប់វិធានការ ត្រួតពិនិត្យបន្ថែម ដែលចេញដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ជាំមួយមហាអំណាចពិភពលោក ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាវិធានការដ៏ថ្មីបំផុត ក្នុងចំណោមវិធានការជាច្រើន ដែលធ្វើឡើងជាការសងសឹក ចំពោះទណ្ឌកម្មអាមេរិក ដែលបានដាក់ជាថ្មី ក្រោយសហរដ្ឋអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ នៅក្នុងឆ្នាំ២០១៨ ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់និងរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានជាប់គាំងជុំវិញ រឿងអ្នកដែលគួរតែធ្វើសកម្មភាពមុន ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។ ទីក្រុងតេអេរ៉ង់និយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែដកទណ្ឌកម្មចេញជាមុន ចំណែកលោក បៃដិន ចង់ឲ្យប្រទេសអ៊ីរ៉ង់ឈប់ធ្វើការបំពាន លើបម្រាមនុយក្លេអ៊ែនៃកិច្ចព្រមព្រៀង នោះជាមុន៕
ប្រែសម្រួល៖ប៉ាង កុង

To Top