ព័ត៌មានអន្តរជាតិ

យន្តហោះវាយប្រហារ ដែនអាកាសអាមេរិក ទម្លាក់គ្រាប់សម្លាប់ ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ នៅទឹកដីស៊ីរីអស់ តិចបំផុត២២នាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា  ក្រុមតាមដានសង្គ្រាម បានឲ្យដឹងថា យន្តហោះវាយប្រហារដែនអាកាសរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារនៅភាគខាងកើតប្រទេសស៊ីរី បណ្តាលឲ្យស្លាប់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ចំនួន២២នាក់ នៅមុនពេលឈានចូលដល់ថ្ងៃសុក្រនេះ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី បាននិយាយថា ក្រុមប្រយុទ្ធត្រូវបានសម្លាប់ នៅគ្រាដែលយន្តហោះវាយប្រហារដែនអាកាសបានវាយប្រហារទៅលើទីតាំងស្តុកអាវុធយុទ្ធភ័ណ្ឌមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមកងកម្លាំង Hashed al-Shaabi របស់អ៊ីរ៉ាក់ និងក្រុម Hezbollah អ៊ីរ៉ាក់ ។

ការវាយប្រហារត្រូវបានអនុវត្តន៍នៅខាងក្រៅទីតាំងស្តុកពីទឹកដីចូលប្រទេសអ៊ីរ៉ាក់ ចូលក្នុងទឹកដីស៊ីរី តាមច្រកព្រំដែន al-Qaem ឆ្លងចូលខេត្ត Deir al-Zour ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ។ អង្គការឃ្លាំមើលខាងលើបានបញ្ជាក់ដូច្នេះ ។ អង្គការនេះបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ទំនងជាងនឹងកើនឡើងថែមទៀត ដោយសារតែក្រុមអ្នកប្រយុទ្ធទាំងនោះបានរងរបួសធ្ងន់ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកប្រចាំនៅស៊ីរី បានរាយការណ៍ថា អំពីការវាយប្រហារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top