បរទេស៖ អារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានច្រានចោលទាំងស្រុង នូវការវាយតម្លសអវិជ្ជមាន មិនត្រឹមត្រូវនិងមិនអាចទទួលយកបាននៃរបាយការណ៍ ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ដែលចេញនៅថ្ងៃសុក្រ ដែលរកឃើញថា ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman បានអនុម័តយល់ព្រមឲ្យធ្វើឃាតអ្នកសារព័ត៌មាន លោក Jamal Khashoggi។
របាយការណ៍សហរដ្ឋអាមេរិកនោះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រមុខដឹកនាំស្តីទីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានអនុម័តយល់ព្រមលើប្រតិបត្តិការមួយ ឲ្យចាប់ខ្លួនឬក៏សម្លាប់អ្នកសារព័ត៌មានរបស់កាសែត Washington Post នៅក្នុងឆ្នាំ២០១៨ ស្របពេលដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមនុស្សមួយចំនួនដែលពាក់ព័ន្ធ ប៉ុន្តែមិនមែនព្រះរាជ្ជទាយាទនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ថា “រដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ច្រានចោលទាំងស្រុង នូវការវាយតម្លៃក្នុងរបាយការណ៍ ដែលមានពាក់ព័ន្ធនឹងថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រ និងកត់សម្គាល់ឃើញថា របាយការណ៍នោះ មានព័ត៌មាននិងការសន្និដ្ឋានមិនត្រឹមត្រូវ”។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសនោះ បាននិយាយបន្តទៀតយ៉ាងដូច្នេះទៀតថា “ឧក្រិដ្ឋកម្ម គឺត្រូវបានធ្វើឡើងដោយក្រុមបុគ្គលមួយក្រុម ដែលបានផ្គើនបំពានបទបញ្ញត្តិដែលពាក់ព័ន្ធទាំងអស់ ហើយថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រ បានចាត់វិធានការចាំបាច់នានា ដើម្បីធ្វើឲ្យប្រាកដថា សោកនាដកម្មបែបនេះ លែងកើតមានជាថ្មីម្តងទៀតនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង