បរទេស៖ មន្ទីរបញ្ចកោណតាមសេចក្តីរាយការណ៍ បាននិយាយនៅសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក កំពុងតែមានក្តីសង្ឃឹមថា នឹងដាក់ប្រើប្រាស់អាវុធវាយលុកលឿនជាងសម្លេង នៅពាក់កណ្ដាលទសវត្សឆ្នាំ២០២០។
យោងតាមលោក Mike White ជាប្រធានទទួលបន្ទុកកិច្ចការអាវុធលឿនជាងសម្លេង នៅការិយាល័យអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ផ្នែកស្រាវជ្រាវនិងវិស្វកម្ម ក្រសួងការពារជាតិអាមេរិក ក៏មានផែនការអភិវឌ្ឍប្រព័ន្ធសម្រាប់ការពារប្រឆាំង នឹងអាវុធលឿនជាងសម្លេង ពីពាក់កណ្ដាលទៅចុងទសវត្សឆ្នាំ២០៣០ផងដែរ។
ប្រទេសរុស្ស៊ីនិងប្រទេសចិន បានខ្នះខ្នែងបង្កើតប្រព័ន្ធលឿនជាងសម្លេង នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែល លោក Mike White និយាយថា គូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធអាវុធលឿនជាងសម្លេង។
ថ្លែងនៅក្នុងអំឡុងព្រឹត្តិការណ៍ សប្ដាហ៍វិស្វកម្មនៃក្រសួងការពារជាតិ លោកបានមានប្រសាសន៍ដូច្នេះថា “ជាប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក គឺជាមេដឹកនាំពិភពលោក ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រព័ន្ធលឿនជាងសម្លេង ប៉ុន្តែយើងបានធ្វើការសម្រេចចិត្តជានិច្ចថា មិនផ្ទេរទៅជាសមត្ថភាពចម្បាំង និងប្រព័ន្ធចម្បាំង ក្នុងវិស័យប្រព័ន្ធអាវុធលឿនជាងសម្លេង”៕
ប្រែសម្រួល៖ប៉ាង កុង