បរទេស៖ប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ គឺជាទង្វើកំសាក និងបានជំរុញលោកប្រធានាធិបតី ចូ បៃដិន មិនឲ្យអនុវត្តតាមច្បាប់ព្រៃ។
ចំណែកមន្ត្រីកងជីវពលអ៊ីរ៉ាក់មួយរូប ដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់កងកម្លាំងប្រយុទ្ធម្នាក់ និងរបួស៤នាក់។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ពួកគេត្រូវបានកំណត់ក្នុងទម្រង់បង្ហាញថា រដ្ឋបាលលោក បៃដិន នឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ទន្ទឹមនឹងការព្យាយាមបញ្ចៀសកំណើនភាពតានតឹងក្នុងតំបន់ដ៏ធំ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសស៊ីរី បាននិយាយយ៉ាងដូច្នេះថា “ប្រទេសស៊ីរី ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងកំសាករបស់សហរដ្ឋអាមេរិក ទៅលើទីតាំងនានាក្នុងតំបន់ Deir al-Zor ជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់ ហើយវា (រដ្ឋបាលលោក បៃដិន) គួរតែប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ មិនមែនច្បាប់ព្រៃ ដូចដែលរដ្ឋបាលពីមុនធ្លាប់ធ្វើទេ”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ កំពុងតែស្វះស្វែងឥទ្ធិពលអតិបរិមា ក្នុងគោលបំណងសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលបានធ្វើឡើងជាមួយមហាអំណាចពិភពលោក នៅក្នុងឆ្នាំ២០១៥ ប៉ុន្តែត្រូវអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បោះបង់ចោលនៅក្នុងឆ្នាំ២០១៨ ធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង និងមាការភ័យខ្លាចពីការកើនឡើងជម្លោះ៕
ប្រែសម្រួល៖ប៉ាង កុង