ព័ត៌មានអន្តរជាតិ

កម្ពុជា​ នឹងទទួលបាន វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ពីប្រទេសឥណ្ឌា តាមរយៈកូវ៉ាក់​ចំនួន ៣២៤.០០០ដូស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសុខា ភិបាល ព្រមទាំងអង្គការ សុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា សូមគោរព ជម្រាបជូន សាធារណជនទាំងអស់ ឲ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំង អាស្ត្រាហ្សឺណិកា (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលបានទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូន មកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ»។

ក្រសួងបន្ដថា ដោយមានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួម ក្នុងពិធីប្រគល់ -ទទួល នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះ មកដល់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយមានការប្រគល់ ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា និងលោកស្រី រុក ឲ្យូហ្សេត (Ms. Foroogh Foyouzat) តំណាងអង្គការ យូនីសេហ្វប្រចាំ កម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមាន ចូលរួមពីមន្ត្រី ជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ផងដែរ។

ក្រសួងក៏បានបញ្ជាក់ថា វ៉ាក់សាំង ដែលនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំង ជាលើកដំបូង ដែល ផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility) ហើយវ៉ាក់សាំង ក្នុងបរិមាណដទៃទៀត នឹងបន្ត ដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ នៅពេលក្រោយទៀត ជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែង សកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យ ប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបាន វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ កូវីដ-១៩ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ក្រសួងសុខាភិបាល ក៏បានលើកឡើងទៀតថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោម ប្រទេសដំបូងគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបាន វ៉ាក់សាំង ពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility)នេះ៕

To Top