តេអេរ៉ង់ ៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ពេលវេលា គឺមិនសមស្របសម្រាប់ ប្រទេសអ៊ីរ៉ង់ ដើម្បីរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងថា “ពិចារណាលើជំហរ និងសកម្មភាពថ្មីៗ របស់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបចំនួន ៣ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មិនគិតពីពេលវេលា សមស្រប សម្រាប់កិច្ចប្រជុំក្រៅផ្លូវការ ដែលស្នើឡើង ដោយអ្នកសម្របសម្រួលអឺរ៉ុប នៃផែនការសកម្មភាពរួម (JCPOA)នោះទេ” ។
កាលពីសប្តាហ៍ មុនសហគមន៍អ៊ឺរ៉ុប បានស្នើសុំចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀតជាមួយ JCPOA ដែលសំដៅទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយសហរដ្ឋអាមេរិក ក៏ចូលរួមជាភ្ញៀវផងដែរ ។
គេហទំព័ររបស់ក្រសួង បានដកស្រង់សម្តីលោក Khatibzadeh ឲ្យដឹងថា “មិនទាន់មានការផ្លាស់ប្តូរជំហរ និងឥរិយាបទរបស់សហរដ្ឋអាមេរិកនៅឡើយទេ” ។
លោកបន្ដថា “ មិនត្រឹមតែរដ្ឋបាលអាមេរិក លោក ចូ បៃដិន មិនបានបោះបង់ចោលនូវគោល នយោបាយសម្ពាធអតិបរិមា ដែលបរាជ័យ របស់លោក អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នោះទេប៉ុន្តែថែមទាំង មិនបានប្រកាសពីការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការបំពេញនូវការ ទទួលខុសត្រូវ រួមរបស់ខ្លួននៅក្នុង JCPOA និងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ លើដំណោះស្រាយ ២២៣១” ។
អ្នកនាំពាក្យអ៊ីរ៉ង់ បានបន្ថែមថា ផ្លូវឆ្ពោះទៅមុខ គឺច្បាស់ណាស់ថា សហរដ្ឋអាមេរិកគួរ តែបញ្ឈប់ការដាក់ទណ្ឌកម្មខុសច្បាប់ និងជាឯកតោភាគីរបស់ខ្លួន ហើយត្រលប់ទៅរកការប្តេជ្ញាចិត្ត JCPOA របស់ខ្លួនវិញ ។ “នេះមិនតម្រូវឱ្យមានការចរចារ ឬដំណោះស្រាយ របស់ក្រុមប្រឹក្សាភិបាលនោះទេ” នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា