វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នក ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sullivan បានឲ្យដឹងថា “ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ដើម្បីទទួលខុសត្រូវ ចំពោះអំពើហិង្សា លើបាតុកម្មនៅមីយ៉ាន់ម៉ា” ។
លោកបានបន្ថែមថា “យើងកំពុងរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីកំណត់ការចំណាយបន្ថែម លើអ្នកដែលទទួលខុសត្រូវ ចំពោះការផ្ទុះអំពើ ហិង្សាចុងក្រោយនេះ និងរដ្ឋប្រហារនាពេលថ្មីៗនេះ យើងនឹងត្រូវចែករំលែកបន្ថែមទៀត នៅថ្ងៃខាងមុខ” ។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាច្រើន លើករួចមកហើយទៅលើមេដឹកនាំ យោធាមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានកាន់កាប់អំណាច ក្រោយធ្វើរដ្ឋប្រហារទម្លាក់ថ្នាក់ ដឹកនាំកាលពីថ្ងៃទី០១ ខែកុម្ភៈ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យក៏បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា អំពើហឹង្សាស្អប់ខ្ពើម ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករ។
លោក Blinken បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “យើងឈរយ៉ាងរឹងមាំ ជាមួយប្រជាជនក្លាហានរបស់ភូមា និងលើកទឹកចិត្តប្រទេសទាំងអស់ ឱ្យនិយាយដោយសំឡេងតែមួយ ដើម្បីគាំទ្រឆន្ទៈរបស់ពួកគេ” ៕