ព័ត៌មានអន្តរជាតិ

Update: បាតុកម្មនៅថៃ កាលពីថ្ងៃអាទិត្យបណ្តាលឱ្យមនុស្ស ៣៣នាក់របួស, ២២នាក់ ត្រូវឃុំខ្លួន និងស្លាប់ប៉ូលីសម្នាក់ ដោយសារគាំងបេះដូង

បរទេស៖ មនុស្សចំនួន ៣៣ នាក់ត្រូវបានគេបញ្ជាក់ថា បានរងរបួសក្នុងអំឡុងពេលបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅខាងក្រៅបន្ទាយទាហានថ្មើរជើងទី ១ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យ ហើយក្រុមអ្នកតវ៉ា ២២ នាក់ផ្សេងទៀត ក៏ត្រូវបានប៉ូលិសឃុំខ្លួនផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នានៅពេលយប់ថ្ងៃអាទិត្យ ដែលរៀបចំឡើង ដោយក្រុមស្តារប្រជាធិបតេយ្យ (Redem) នៅវិថី Vibhavadi-Rangsit ត្រូវបានបិទភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។ Redem គឺជាចលនាថ្មីបំផុតរបស់ក្រុមយុវជនសេរី។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Erawan នៅថ្ងៃច័ន្ទនេះ បានរាយការណ៍ថា ប៉ូលិស ២៣ នាក់និងបាតុករ ១០ នាក់ត្រូវបានព្យាបាលក្រោយរងរបួស ក្នុងពេលប៉ះទង្គិចគ្នា។ មន្រ្តីប៉ូលិសម្នាក់ ដែលទទួលបន្ទុកការងារនៅពេលនោះ បានស្លាប់ដោយសារគាំងបេះដូង៕ ប្រែសម្រួលៈ ណៃ តុលា

To Top