ព័ត៌មានអន្តរជាតិ

Financial Times៖ សមាជិកសភាមីយ៉ាន់ម៉ា ដែលរួចពីការចាប់ខ្លួន នឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីប្រជែងជាមួយយោធា

បរទេស៖ ការអភិវឌ្ឍនេះកើតឡើងពីរថ្ងៃ បន្ទាប់ពីឯកអគ្គរដ្ឋទូត របស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ចប់ការគ្រប់គ្រងយោធា នៅក្នុងប្រទេស។

នៅក្នុងសុន្ទរកថាដ៏រំជួលចិត្ត លោក Kyaw Moe Tun ក៏បានអំពាវនាវ ដល់បណ្តាប្រទេសនានា កុំឲ្យសហការជាមួយមេដឹកនាំយោធា ដែលឡើងកាន់អំណាច បន្ទាប់ពីមានរដ្ឋប្រហារ កាលពីដើមខែនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Financial Times បានផ្សាយថា សម្ព័ន្ធមិត្តរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានគេទម្លាក់ចេញពីតំណែង នឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីប្រជែងជាមួយរបបយោធា របស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាង ដែលបានរឹបអូសអំណាច តាមរយៈរដ្ឋប្រហារយោធា។

កាសែត The Financial Times បានដកស្រង់សម្តីមន្រ្តី ក្នុងតំបន់ម្នាក់ គឺលោក សាសា ដែលត្រូវបានតែងតាំងកាលពីដើមសប្តាហ៍នេះ ក្នុងនាមជាប្រេសិតរបស់សភា ដែលបានបែកខ្ញែកគ្នារបស់មីយ៉ាន់ម៉ា បានប្រាប់កាសែតអំពីផែនការនេះ អំឡុងពេលសម្ភាសវីដេអូ។

មន្ត្រីរូបនោះបានបង្ហើបឱ្យដឹងថា សមាជិកសភាដែលគេចផុតពីការចាប់ខ្លួន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រថុយប្រថាន និងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ នៅខាងក្នុងប្រទេស ដើម្បី ជា”ប្រយោជន៍ប្រជាជនដល់មីយ៉ាន់ម៉ា” ។

លោករូបនេះ បានបញ្ជាក់ទៀតថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ ហើយធ្វើការជាមួយចិននិងឥណ្ឌា។ វាប្រសើរសម្រាប់ពួកគេ ដែលមានអ្នកជិតខាងដែលមានស្ថេរភាព ជាជាងប្រទេសដែលមិនស្ថិតស្ថេរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top