ព័ត៌មានអន្តរជាតិ

ជប៉ុនផ្ដល់ជំនួយជិត ១១លានដុល្លារ អភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងជប៉ុន-កម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១ ១៣២ ០០០ ០០០យ៉េន (ប្រមាណ ១០លាន៨ សែនដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្ត “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ចរាចរនាវា នៅកំពង់ផែស្វយត៍ក្រុងព្រះសីហនុ”។

ជំនួយនេះ ត្រូវបានចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

គម្រោងនេះនឹងបង្កើតប្រព័ន្ធចរាចរនាវា (VTS) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រនិង ប្រសិទ្ធភាពការធ្វើនាវាចរណ៍ នៅជុំវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមរយៈលទ្ធផល នៃគម្រោងនឹងមានវិធានការណ៍សុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ កម្ពុជាព្រមទាំងការតភ្ជាប់ ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា កំពុងតែបន្តលើកកម្ពស់ គុណភាពជីវភាពរស់នៅរបស់ ប្រជាជនម្នាក់ៗ ស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ជប៉ុនមានបំណងបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាដោយ ប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមនានា ៕

To Top