បរទេស៖មន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា នៅក្នុងដំណើរជំរុញសម្រាប់ យុទ្ធនាការប្រឆាំងជម្ងឺកាលពីសប្ដាហ៍មុន ប្រទេសចិននៅពេលថ្មីៗនេះបានប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុន Sinopharmចំនួន៤សែនដូស ដល់ប្រទេសអាហ្វហ្គានីស្ថាន។
លោក Ghulam Dastagir Nazari ជាប្រធានកម្មវិធីចាក់ថ្នាំបង្ការោគ បាននិយាយយ៉ាងដូច្នេះថា “ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងកាប៊ុល បាននិយាយក្នុងកិច្ចជំនួបមួយជាមួយមន្ត្រីសុខាភិបាលថា ប្រទេសរបស់លោក នឹងផ្តល់ឲ្យប្រទេសអាហ្វហ្គានីស្ថាន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៤សែនដូស“។
លោក Ghulam Dastagir Nazari បានមានប្រសាសន៍យ៉ាងដូច្នេះថា “ថ្នាំវ៉ាក់សាំង Sinopharm ដែលផលិតនៅក្នុងប្រទេសចិន ត្រូវបានអង្គការសុខភាពពិភពលោកអនុម័តឲ្យប្រើប្រាស់ ប៉ុន្តែនៅមិនទាន់ប្រាកដនៅឡើយទេ អំពីពេលវេលាបញ្ជូនទៅឲ្យអាហ្វហ្គានីស្ថាននោះ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តថា រហូតមកទល់ពេលនេះ បុគ្គលិកសុខាភិបាលប្រមាណជាង១២.០០០នាក់ បានទទួលថ្នាំវ៉ាក់សាំង នៅក្នុងខេត្តចំនួន៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង