ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន​ ៖ ​វិធានការកូរ៉េខាងជើង ទប់ស្កាត់ជម្ងឺកូវីដ១៩ ធ្វើឲ្យមានការរំលោភបំពាន និងភាពអត់ឃ្លាន កាន់តែខ្លាំង

បរទេស ៖ វិធានការដ៏តឹងរឹង ធ្វើឡើងដោយកូរ៉េខាងជើង ដើម្បីទប់ស្កាត់ មេរោគកូរ៉ូណា បានធ្វើឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស និងភាពលំបាកផ្នែក សេដ្ឋកិច្ចកាន់តែខ្លាំង សម្រាប់ប្រជាពលរដ្ឋ របស់ខ្លួន ដែលរួមបញ្ចូលទាំង របាយការណ៍អំពីភាពអត់ឃ្លាន នេះបើតាមសម្តី របស់មន្ត្រីស៊ើបអង្កេត អង្គការសហប្រជាជាតិ ។

លោក Tomas Ojea Quintana ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស នៅកូរ៉េខាងជើង បានថ្លែងប្រាប់ ក្នុងរបាយការណ៍មួយដូច្នេះថា “ការដាច់កាន់តែឆ្ងាយបន្ថែមទៀត របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ពីពិភពលោកខាងក្រៅ នៅក្នុងអំឡុងការរាតត្បាតនៃជម្ងឺកូវីដ១៩ ហាក់ធ្វើឲ្យមានការ រំលោភបំពាន សិទ្ធិមនុស្សកាន់តែខ្លាំង” ។

តាមសេចក្តីរាយការណ៍ លោកបានជំរុញឲ្យអាជ្ញាធរកូរ៉េខាងជើង ធ្វើឲ្យប្រាកដចិត្តថា ផលវិបាកអវិជ្ជមាននៃវិធានការទប់ស្កាត់នោះ គឺមិនមានភាពល្អប្រសើរ ជាងផលប៉ះពាល់ពីការរាតត្បាតឆ្លងជម្ងឺនោះទេ” ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់រាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ណាមួយនៅឡើយ បើទោះជាមានព្រំដែន ជាប់ជាមួយប្រទេសចិន ក៏ដោយនោះ បានធ្វើការបិទព្រំដែន ដាក់បម្រាមលើការធ្វើដំណើរអន្តរជាតិដ៏ច្រើនបំផុត និងដាក់បម្រាមគោចរ ក្នុងប្រទេស យ៉ាងតឹងរឹងនៅក្នុងឆ្នាំមិញនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top