ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ផ្អាកមូលនិធិអភិវឌ្ឍន៍ នៅមីយ៉ានម៉ា ក្រោយមានរដ្ឋប្រហារ

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនានាបាននិយាយប្រាប់ថា សហភាពអឺរ៉ុបទើបបានផ្អាកការឧបត្ថម្ភរបស់ខ្លួន ចំពោះគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ានម៉ា ដើម្បីជៀសវាងផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធា ដែលបានដណ្ដើមអំណាចកាលពីខែមុន។

មន្ត្រីពាណិជ្ជកម្មមានមូលដ្ឋាន នៅក្នុងទីក្រុងហ្សឺណែវមួយរូប បាននិយាយថា សហគមន៍អឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បានជូនដំណឹងដល់គណៈកម្មាធិការ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងអស់ ដែលនឹងគាំទ្រដល់អាជ្ញាធរយោធា។

គណៈកម្មាធិការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិការសហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ថា ខ្លួនបានផ្អាកការឧបត្ថម្ភថវិកា ដែលជាចម្បងសម្រាប់សាលារៀន ការបោះឆ្នោតនិងការអភិវឌ្ឍជនបទ ដែលមានទំហំជាទឹកប្រាក់រាប់រយលានអឺរ៉ូ សម្រាប់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃព្រហស្បតិ៍នេះផងដែរ ប្រទេសសិង្ហបុរី ដែលជាអ្នកវិនិយោគបរទេស ដ៏ធំបំផុតនៅមីយ៉ានម៉ា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួន ដែលកំពុងនៅក្នុងប្រទេសមីយ៉ានម៉ា ធ្វើដំណើរចាកចេញពីប្រទេសនេះផងដែរ ដោយសារតែមានការកើនឡើងនូវអំពើហិង្សា និងមានជនរងគ្រោះស៊ីវិលកើនឡើង ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top