ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញឲ្យកងកម្លាំងមីយ៉ាន់ម៉ា បញ្ឈប់ការបង្រ្កាប ដោយហិង្សាលើជនស៊ីវិល ខណៈការស្លាប់ក្នុងបាតុកម្ម កើនឡើងជាង ៥០នាក់

តូក្យូ៖ ប្រទេសជប៉ុន បានជំរុញឱ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែមុនមួយថ្ងៃ បន្ទាប់ពីមនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្ម ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់អំពើហឹង្សា ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល ទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត ពីសហគមន៍អន្តរជាតិក៏ដោយ”។

រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានចែករំលែកការព្រួយបារម្ភ អំពីការប្រើប្រាស់កម្លាំងចុងក្រោយ របស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីឥណ្ឌូនេស៊ីលោក Retno Marsudi កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការអំពាវនាវលើកទី២ របស់អ្នកទាំងពីរ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។

យោងតាម ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា នៅក្នុងកិច្ចចរចានេះលោក Motegi បានលើកឡើងថា ប្រទេសជប៉ុន កោតសរសើរ និងស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ា។

ប្លុកដែលមានសមាជិក ១០ ប្រទេស បានបើកកិច្ចប្រជុំតាមខ្សែអាត់វីដេអូ ថ្នាក់រដ្ឋមន្រ្តីការបរទេសកាលពីថ្ងៃអង្គារ តាមស្នើរបស់ឥណ្ឌូនេស៊ី និងបានអំពាវនាវ ឱ្យលុបបំបាត់ស្ថានការណ៍ នៅមីយ៉ាន់ម៉ា និងការសន្ទនាគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្រោយរដ្ឋប្រហារដោយសន្តិវិធី។

ក្រសួងបានដកស្រង់សម្តីលោក Motegi ដែលបានប្រាប់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីថា ប្រទេសជប៉ុន នឹងបន្តទទូចដល់យោធា ធ្វើឱ្យរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យរសឡើងវិញ និងដោះលែងក្រុមប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកផ្សេងទៀត ដែលត្រូវបានឃុំខ្លួននៅក្នុងរដ្ឋប្រហារ។

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃពុធកន្លងទៅនេះ បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំ ដែលជាមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី ចេញពីតំណែង។

យោងតាមលោកស្រី Christine Schraner Burgener ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំនៅអាស៊ីអាគ្នេយ៍ បានលើកឡើងថា ចំនួនអ្នកស្លាប់ពេលនេះ បានឡើងដល់ ៥០ នាក់ហើយ និងជាង ១,២០០ នាក់ទៀត កំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ៕ ដោយ៖ ឈូក បូរ៉ា

To Top