បរទេស៖ ពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន នាថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក លើមេបញ្ជាការពីររូបរបស់ខ្លួន គឺជាភស្តុតាងបង្ហាញថា អាមេរិកកំពុងតែអូសបន្លាយសង្គ្រាម និងធ្វើឲ្យមានវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង។
មន្ត្រីហូធីមួយរូប ឈ្មោះ Mohammed Abdulsalam បាននិយាយយ៉ាងដូច្នេះថា “អាមេរិកកំពុងតែធ្វើការថ្កោលទោសខ្លួនឯង និងកំពុងតែបញ្ជាក់ថា ខ្លួនមិនគិតបញ្ឈប់ភាពគឃ្លើន និងថា ខ្លួនឈរនៅពីក្រោយការអូសបន្លាយសង្គ្រាម និងធ្វើឲ្យវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង”។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើលោក Mansur Al-Sa’adi ជាអគ្គសេនាធិការ កងកម្លាំងជើងទឹកពួកហូធី និងលោក Ali Ahsan al-Hamzi ជាមេបញ្ជាការកងទ័ពអាកាស និងកងកម្លាំងការពារដែនអាកាសយេម៉ែន ដែលមានសម្ពន្ធភាពជាមួយពួកហូធី។
ប្រធានការរិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស សហរដ្ឋអាមេរិក លោក Andrea Gacki បានមានប្រសាសន៍ថា “បុគ្គលទាំងពីររូបនេះ បញ្ជាលើកងកម្លាំង ដែលកំពុងតែធ្វើឲ្យមានវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ នៅក្នុងប្រទេសយេម៉ែន”៕ ប្រែសម្រួល៖ប៉ាង កុង