ហ្សឺណែវ៖ អ្នកជំនាញយូអិនម្នាក់ បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គួរតែដាក់ទណ្ឌកម្មសព្វាវុធជាសកល និងដាក់ទណ្ឌកម្មប្រឆាំង នឹងយោធាមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
នៅក្នុងរបាយការណ៍ថ្មី លោក Thomas Andrews អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ធ្វើសកម្មភាពជាបន្ទាន់ និងដាច់ខាតដើម្បីគាំទ្រ ដល់អ្នកដែលទាមទារ ឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសនេះ។
![](https://dap-news.com/wp-content/uploads/2021/03/that-0172.jpg)
លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែដាក់ទណ្ឌកម្មសព្វាវុធជាសកល និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាគោលដៅប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា និងប្រភពចំណូល។
របាយការណ៍នេះ ក៏គួរតែបញ្ជូនស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឃោរឃៅ ដែលបានកើតឡើងរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។
អ្នកជំនាញបានឲ្យដឹងទៀតថា ក្នុងពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវតែបដិសេធការទទួលស្គាល់របបយោធា ថាជារដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសនេះ។
លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ខ្ញុំសូមជំរុញឱ្យសមាជិក នៃក្រុមប្រឹក្សាសន្តិសុខពិចារណា អំពីភាពសាហាវព្រៃផ្សៃ ដែលយើងកំពុងធ្វើជាសាក្សី នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។
ប្រទេសមីយ៉ាន់ម៉ា មានភាពច្របូកច្របល់ ចាប់តាំងពីយោធា បានដណ្តើមអំណាចនៅថ្ងៃទី០១ ខែកុម្ភៈ ដោយបញ្ចប់ការសាកល្បង រយៈពេលមួយទសវត្ស ជាមួយលទ្ធិប្រជាធិបតេយ្យ និងបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំ ដែលរបបយោធាបានស្វះស្វែង កាន់តែខ្លាំងឡើង ដើម្បីបង្ក្រាបលើបាតុករ៕ ដោយ៖ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)