ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ នៅថ្ងៃទី៨មីនា វៀតណាម នឹងចាប់ផ្តើមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ AstraZeneca

បរទេស៖ លោក ង្វៀនថាញ់ឡុង រដ្ឋមន្រ្តីក្រសួង សុខាភិបាលវៀតណាម បានជូនដំណឹង ដល់កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ ស្តីពីការការពារនិងការត្រួតពិនិត្យ ជំងឺកូវីដ១៩ថា ការចាក់វ៉ាក់សាំង ដោយប្រើវ៉ាក់សាំង AstraZeneca ត្រូវរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ ។

យោងតាមសារព័ត៌មាន Vietnnam News ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ដំបូង មានចំនួន ១១៧ ៦០០ ដូស ដែលផលិត នៅក្នុងសាធារណរដ្ឋកូរ៉េ បានមកដល់ប្រទេសវៀតណាម កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

លោក ឡុង បាននិយាយថា ដូសដែលត្រូវបានផ្ទៀងផ្ទាត់ ដោយក្រសួងបានបំពេញ តាមល័ក្ខខ័ណ្ឌនៃការចាក់វ៉ាក់សាំងនៅវៀតណាម។

នៅថ្ងៃសៅរ៍រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងធ្វើជាប្រធានសន្និសីទមួយ ដើម្បីចាប់ផ្តើម ផែនការចាក់វ៉ាក់សាំង និងផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកពេទ្យទូទាំងប្រទេស ក្នុងការប្រើប្រាស់ និងផ្ទុកវ៉ាក់សាំង ក៏ដូចជាការដោះស្រាយ ផលវិបាកក្រោយចាក់ថ្នាំ។

យោងតាមមន្រ្តីរូបនេះ អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង នឹងត្រូវផ្តល់ជូនប្រជាជននៅជួរមុខ នៃការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ រួមមានបុគ្គលិក សុខាភិបាល កងទ័ព ប៉ូលីស គយ និងបុគ្គលិកអន្តោប្រវេសន៍ ។ អ្នកដែលធ្វើការនៅក្នុងវិស័យ ដែលផ្តល់សេវាកម្មចាំបាច់ ដូចជាអាកាសចរណ៍ ដឹកជញ្ជូន ទេសចរណ៍ និងការអប់រំ អ្នកដែលមានជំងឺរ៉ាំរ៉ៃ ឬលើសពី ៦៥ ឆ្នាំ អ្នកដែលរស់នៅក្នុង តំបន់ដែលរងគ្រោះ ដោយសារជំងឺរាតត្បាត ជនក្រីក្រនិងអ្នកទទួលផល ពីសុខុមាលភាពសង្គម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top