បរទេស៖ ពលករចំណាកស្រុក នៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពី កម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុស របស់រដ្ឋាភិបាលមិនទាន់ ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅ ក្នុងប្រទេសនេះរយៈពេលជាង ៣ ខែ រួមទាំងជនចំណាកស្រុកដែលគ្មានឯកសារ គឺនឹងត្រូវផ្តល់វ៉ាក់សាំង ក្រោមបទបញ្ជានិងនីតិវិធីដូចៗគ្នា ទៅនឹងជនជាតិកូរ៉េ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានមានកំណត់ស្តីពី កាលវិភាគចាក់ថ្នាំបង្ការ បានធ្វើឱ្យពលករចំណាកស្រុក បង្ហាញការងឿងឆ្ងល់ថា ពេលណាដល់វេនពួកគេចាក់។ ភាគច្រើននៃកម្មករទាំងនេះ មានការព្រួយបារម្ភថា ពួកគេអាចនឹងបាត់បង់សិទ្ធិទទួល វ៉ាក់សាំងរបស់ពួកគេនៅនាទីចុងក្រោយ ដោយពិចារណាលើគោលនយោបាយ ទាក់ទងនឹងមេរោគដែលមិនស្របគ្នា របស់រដ្ឋាភិបាលសម្រាប់ជនចំណាកស្រុក ៕
ប្រែសម្រួលៈ ណៃ តុលា