ថ្ងៃទី៤ ខែមីនា កាសែត «Pravda» របស់រុស្ស៊ីបានចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា «បទពិសោធន៍សំខាន់ជាងគេ របស់បក្សកុម្មុយនិស្តចិន សម្រាប់ទទួលបានភាពជោគជ័យ គឺពូកែរៀនសូត្រពីប្រវិត្តសាស្ត្រ និងមហាជន» ដែលនិពន្ធដោយលោក Zyuganov ប្រធានគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តរុស្ស៊ី និងជាបណ្ឌិតទស្សនវិជ្ជា ។
លោក Zyuganov បានសម្គាល់ឃើញថា តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនចិនដើរចេញផុតពីភាពក្រីក្រ និងអន់ថយឆ្ពោះទៅកាន់ការស្តារភាព រុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ព្រមទាំងបានរួមចំណែកដ៏មហិមា ដល់ពិភពលោកទាំងមូលផងដែរ ។ បទពិសោធន៍របស់បក្សកុម្មុយនិស្តចិន គឺក្តាប់ជាប់ទ្រឹស្តីដ៏ជឿនលឿន ព្រមទាំងអាចរៀនសូត្រពីមហាជន ។
ជានិច្ចកាល បក្សកុម្មុយនិស្តចិនបានខិតខំប្រឹងប្រែង ក្នុងការបំពេញតាមតម្រូវការរបស់ប្រជាជន លើវិស័យជីវភាពរស់នៅនិងវប្បធម៌ ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បក្សកុម្មុយនិស្តចិនបាន ចាក់គ្រឹះក្នុងប្រជាជនផង ហើយក៏ស្វែងរកផលប្រយោជន៍ ជូនដល់ប្រជាជនផងដែរ ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបាននិងកំពុងលុបបំបាត់ ចោលភាពក្រីក្រហួសហេតុ ខិតខំប្រឹងប្រែងដើម្បីកសាងសង្គមដែល ប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ។ ថ្នាក់ដឹកនាំនៃបណ្តាខេត្ត ភូមិភាគស្វយ័តជនជាតិភាគតិច និងទីក្រុងក្រោមឳវាទមជ្ឈិមក៏បានចុះហត្ថលេខា លើលិខិតទទួលខុសត្រូវលើ វិស័យកាត់បន្ថយភាពក្រីក្រផងដែរ ។ ឆ្លងតាមរយៈវិធីបែបនេះ ប្រតិបតិ្តការកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិនកាន់តែមានប្រសិទ្ធភាព ក្នុងនោះបូករួមទាំង ការលើកកម្ពស់កម្រិតប្រាក់ចំណូលជាទូទៅ កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមជនបទ ការផ្តល់ការធានារ៉ាប់រងក្នុងសង្គម និងការកើនឡើងលើវិស័យសេវាកម្មសាធារណៈ ផ្នែកសុខាភិបាល អប់រំនិងវប្បធម៌ជាដើម ។
បច្ចុប្បន្ននេះ ប្រទេសចិនមិនគ្រាន់តែបានជួយពិភពលោក ពុះពារវិបត្តសេដ្ឋកិច្ចដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានចង្អុលបង្ហាញពីទិស ដៅយុទ្ធសាស្ត្រដ៏សំខាន់ នៅពេលអនាគតទៀតផង ៕