សេអ៊ូល៖ កូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃចន្ទ បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសហភាពអឺរ៉ុប សន្យាផ្តល់វ៉ាក់សាំងយ៉ាងរលូន ដល់ទីក្រុងសេអ៊ូល ។
ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្នុងការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុបលោក Josep Borrell។
ប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានឯកភាពរក្សាភាពជាដៃគូរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូរអាកាសធាតុ។
ក្រសួងបានឲ្យដឹងថាលោក Borrell ក៏បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយកូរ៉េខាងជើងផងដែរ៕
ដោយ ឈូក បូរ៉ា