ព័ត៌មានអន្តរជាតិ

អាមេរិកនឹងធ្វើការ ដាក់ទណ្ឌកម្មជាថ្មី លើអ្នកជំនួញអ៊ីស្រាអែល 

បរទេស៖រដ្ឋបាលលោក បៃដិន នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានដកអាជ្ញាប័ណ្ណពិសេស ដែលអតីតរដ្ឋបាលលោក ត្រាំ ផ្តល់ឲ្យដល់អ្នកជំនួញអន្តរជាតិ គឺលោក Dan Gertler ដោយដកចេញពីទណ្ឌកម្មអាមេរិក និងបាននិយាយថា ការចូលរួមរបស់លោក ក្នុងអំពើពុករលួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនត្រូវគ្នានឹងគុណតម្លៃអាមេរិក។

លោក Dan Gertler ជាមហាសេដ្ឋីរ៉ែអ៊ីស្រាអែល  បានទទួលស្ងាត់ៗនូវអាជ្ញាប័ណ្ណពិសេសមួយពីរដ្ឋបាលលោក ត្រាំ ឲ្យដកលោកចេញពីទណ្ឌកម្មដែលបានដាក់លើរូបលោក នៅក្នុងឆ្នាំ២០១៧និង២០១៨ ក្រោមច្បាប់គណនេយ្យភាពសិទ្ធិមនុស្សសកល។

លោក Brad Brooks-Rubin ជាទីប្រឹក្សាទូទៅនៅក្រុមស៊ើបអង្កេត The Sentry បាននិយាយដូច្នេះថា “ទណ្ឌកម្មនិងសម្ពាធហិរញ្ញវត្ថុកាន់តែខ្លាំង ចាំបាច់ត្រូវតែអនុវត្ត ក្នុងទម្រង់ស្របគ្នា ដើម្បីជំរុញបង្កើនទំនុកចិត្តនៃស្ថាប័នហរិញ្ញវត្ថុនិងសម្ពន្ធមិត្តរបស់យើង ដែលរង់ផលប៉ះពាល់ដោយសារតែអាជ្ញាប័ណ្ណនេះ”។

ចំណែកលោក Ned Price ជាមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា អាជ្ញាប័ណ្ណត្រូវបានដកចេញ ដោយសារតែវាមិនស្របគ្នានឹងចំណាប់អារម្មណ៍គោលនយោបាយបរទេសដ៏ខ្លាំងក្លារបស់អាមេរិក ក្នុងដំណើរប្រយុទ្ធប្រឆាំងអំពើពុករលួយនៅជុំវិញពិភពលោក ជាពិសេសរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការទប់ស្កាត់អំពើពុករលួយនិងលើកកម្ពស់ស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top