ព័ត៌មានអន្តរជាតិ

WHO អំពាវនាវឱ្យមានការពង្រឹង ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងកំឡុងពេលមាន ជំងឺរាតត្បាតកូវីដ-១៩ 

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាទិវាសិទ្ធិនារីអន្តរជាតិ បានអំពាវនាវឱ្យពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីអនាគតស្មើភាពគ្នានៅក្នុងពិភព អំឡុងពេលកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ។

ប្រធានបទនៃឆ្នាំនេះ -“ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ៖ ការសម្រេចបាននូវអនាគតស្មើភាពគ្នានៅក្នុងពិភពកូវីដ-១៩” សម្រាប់ថ្ងៃពិសេសនេះអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា វឌ្ឍនភាពលើសមភាពយេនឌ័របានថយចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ – ១៩ ។

លោកបានលើកឡើងថា “យើងបានឃើញអំពើហឹង្សាកើនឡើងចំពោះស្ត្រី និងការកាត់បន្ថយការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ”។

លោកថា “បើនិយាយជារួមការខាតបង់ការងារមានខ្ពស់ចំពោះស្ត្រី មានច្រើនជាងបុរស ស្ត្រីក៏បានទទួលបន្ទុកបន្ថែម និងមិនសមាមាត្រនៃការថែទាំសម្រាប់កុមារ មនុស្សចាស់ និងក្នុងការថែរក្សាសុខភាព” ។

ទោះយ៉ាងណាយោងទៅតាមកំណត់ត្រារបស់អង្គការសុខភាពពិភពលោក ស្ត្រីមានចំនួនជិត ៧ នាក់ក្នុងចំណោម ១០ នាក់ ដែលបានរាយការណ៍ថា មានការឆ្លងមេរោគរបស់បុគ្គលិកសុខាភិបាលដោយឆ្លុះបញ្ចាំងពីការពិតដែលថា ស្ត្រីមានប្រហែល ៧០ ភាគរយនៃកម្លាំងពលកម្មសុខភាពពិភពលោក។

ដើម្បីលើកកម្ពស់សមភាពយេនឌ័របន្ថែមទៀតអង្គការសុខភាពពិភពលោក បានចាប់ផ្តើមកាលពីដើមខែកុម្ភៈនូវគំនិតផ្តួចផ្តើមកម្លាំងពលកម្ម និងការថែរក្សាសុខភាពសមភាពយេនឌ័រដើម្បីបង្កើនសមាមាត្រស្ត្រី នៅក្នុងភាពជាអ្នកដឹកនាំសុខភាព និងការថែទាំលើកកម្ពស់ប្រាក់ខែស្មើគ្នា និងធានានូវលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងសមរម្យសម្រាប់បុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំ។

ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលោក Tedros បានប្រកាសកាលពីថ្ងៃច័ន្ទថា អង្គការសុខភាពពិភពលោក កំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមជំងឺមហារីកសុដន់សកល ដើម្បីកាត់បន្ថយអត្រាមរណភាពពីជំងឺមហារីកសុដន់ឱ្យបាន ២,៥ ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៤០ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ២,៥ លាននាក់៕

To Top