ព័ត៌មានអន្តរជាតិ

កងកម្លាំងសន្តិសុខមីយ៉ានម៉ា ឡោមព័ទ្ធចាប់ខ្លួនអ្នកតវ៉ា

បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឡោមព័ទ្ធបាតុករ ប្រឆាំងរដ្ឋាភិបាលយោធារាប់រយនាក់ នៅក្នុងកន្លែងចំនួនពីរ នៅទីក្រុងយ៉ាំងហ្គូន នៅថ្ងៃពុធនេះ បណ្ដាលឲ្យស្ថានទូតអាមេរិក អំពាវនាវឲ្យកងកម្លាំងវិញ។

សាក្សីនានាបាននិយាយប្រាប់ថា ប៉ូលិសបានសម្រុកចូល ទៅក្នុងបរិវេណអគារមួយ ក្នុងទីក្រុងយ៉ាំងហ្គូន ដែលជាទីស្នាក់នៅរបស់បុគ្គលិកស្ថានីយរថភ្លើង និងបានឡោមព័ទ្ធបាតុកររាប់រយនាក់ នៅក្នុងស្រុក North Okkalapa នាថ្ងៃពុធនេះ ហើយមនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងទាំងពីរ។

គួរបញ្ជាក់ថា បុគ្គលិកស្ថានីយរថភ្លើងជាច្រើននាក់ បានចូលរួមចលនាស៊ីវិលប្រឆាំងរដ្ឋប្រហារ ធ្វើឲ្យរាំងស្ទះដល់កិច្ចការរដ្ឋាភិបាល ទាំងបានធ្វើកូដកម្មនៅធនាគារ រោងចក្រ និងហាងនានា ចាប់តាំងពីទាហាន បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “យើងកំពុងតែមើលឃើញសេចក្តីរាយការណ៍ អំពីនិស្សិតនិងជនស៊ីវិលគ្មានកំហុស ត្រូវកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងស្រុក North Okkalapa ក៏ដូចជាចាប់ខ្លួនផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top