ព័ត៌មានអន្តរជាតិ

ជប៉ុនមិនទទួលស្គាល់រដ្ឋប្រហារ យោធានៅមីយ៉ាន់ម៉ានោះទេ ទោះបីបានហៅលោក Wunna Maung Lwin ជារដ្ឋមន្រ្តីការបរទេស

បរទេស៖ ប្រទេសជប៉ុនមិនទទួលស្គាល់ រដ្ឋាភិបាលយោធាថ្មីរបស់មីយ៉ាន់ម៉ាទេ ទោះបីសំដៅទៅលើមន្រ្តីម្នាក់របស់ខ្លួនថាជា “ រដ្ឋមន្រ្តីក្រសួងការបរទេស” ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក Katsunobu Kato ប្រធានខុទ្ទកាល័យ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានចាត់ទុកលោក Wunna Maung Lwin ជារដ្ឋមន្រ្តីក្រសួងការបរទេសជាច្រើនដង ក្នុងមួយសប្តាហ៍កន្លងមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ស្ថានទូតជប៉ុនប្រចាំទីក្រុងយ៉ាំងហ្គោន បាននិយាយថា ឯកអគ្គរដ្ឋទូត Ichiro Maruyama បានបង្ហាញពីជំហររបស់រដ្ឋាភិបាលទីក្រុងតូក្យូ ស្តីពីរដ្ឋប្រហារមីយ៉ាន់ម៉ា ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសលោក Wunna Maung Lwin នៅក្នុងកិច្ចពិភាក្សានៅរដ្ឋធានីណៃពិដោរ នៅថ្ងៃដដែលដែលបានលើកឡើងនូវប្រតិកម្មតប។

អ្នកប្រើបណ្តាញសង្គមបានទទូចថា ចំណងជើងនេះមិនត្រូវយកមកប្រើដើម្បីយោងទៅលោក Wunna Maung Lwin នោះទេ។

ប្រធានខុទ្ទកាល័យជប៉ុន លោក Katsunobu Kato ត្រូវបានសារព័ត៌មាន ក្យូដូ ស្រង់សម្តីដែលបាននិយាយថា « តាមទស្សនៈនៃការរក្សាការសន្ទនាជាមួយយោធាមីយ៉ាន់ម៉ា យើងបាននិយាយសំដៅដល់លោក Wunna Maung Lwin ជារដ្ឋមន្រ្តីក្រសួងការបរទេសប៉ុន្តែនេះមិនមានន័យថា ជប៉ុនយល់ស្របទទៅលើរដ្ឋប្រហារដោយយោធាមីយ៉ាន់ម៉ា ឬអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ នោះទេ»។

លោក Motegi បាននិយាយថា លោកនឹងមិនធ្វើការវិនិច្ឆ័យថាតើគាត់ (លោក Wunna Maung Lwin) ត្រឹមត្រូវឬអត់នោះទេ ដោយយោងទៅលើលោក Wunna Maung Lwin ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោកស្រីអ៊ុងសានស៊ូជី មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែង ដែលជាតួជំនួស ជាអ្នកការទូតកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា៕ប្រែសម្រួលៈ ណៃ តុលា

To Top