ព័ត៌មានអន្តរជាតិ

ចិនអនុម័តសេចក្តី សម្រេចរៀបចំជាថ្មីនូវប្រព័ន្ធ បោះឆ្នោតហុងកុង

បរទេស៖នៅក្នុងចំណាត់ការមួយ ដែលគេរំពឹងថា នឹងបង្កឲ្យមានការថ្កោលទោសពីប្រទេស លោកខាងលិច រដ្ឋសភាជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តសេចក្តីសម្រេចដ៏ចម្រូងចម្រាស់មួយ ដើម្បីកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង អនុញ្ញាតឲ្យមានតែអ្វីដែលគេហៅថា អ្នកស្នេហាជាតិកាន់តំណែង នៅក្នុងទីក្រុងជាអតីតអាណានិគមអង់គ្លេស។

ទីភ្នាក់ងារសារព័ត៌មាន Hong Kong Free Press បានរាយការណ៍ថា សេចក្តីសម្រេចនោះ គឺជាការអនុម័តដ៏លើសលុប ធ្វើឡើងដោយរដ្ឋសភាជាតិ មានគណៈប្រតិភូ២.៨៩៥នាក់ បានឆ្នោតគាំទ្រ និងគ្មានសម្លេងឆ្នោតប្រឆំាងសូម្បីតែមួយ។

ប្រព័ន្ធផ្សព្វផ្សាយចិន ស៊ិនហួ បាននិយាយថា សេចក្តីសម្រេចនោះ មានមាត្រាចំនួន៩ និងថា វាត្រូវបានអនុម័តដោយរដ្ឋសភាជាតិចិន ជាមួយបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធបោះឆ្នោតអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ច្បាប់មូលដ្ឋានរបស់ហុងកុង និងច្បាប់សន្តិសុខជាតិធ្ងន់ធ្ងរ ដែលសភាបានអនុម័តកាលពីឆ្នាំមុន។

មាត្រាទំាងនោះនិយាយថា ប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ត្រូវតែអនុវត្តទាំងស្រុង នូវទម្រង់នយោបាយ “ប្រទេសមួយប្រព័ន្ធនយោបាយពីរ” ដែលបានអនុវត្ត ចាប់តាំងពីអង់គ្លេសប្រគល់ទីក្រុងនេះឲ្យប្រទេសចិនវិញ នៅក្នុងឆ្នាំ១៩៩៧ ក៏ដូចជាធ្វើឲ្យប្រាកដថា រដ្ឋបាលហុងកុងមានអ្នកស្នេហាជាតិ ជាអង្គភាពចម្បង៕

To Top