តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
លោករូហានី ត្រូវបានគេដកស្រង់សម្តីដោយលើកឡើងថា “ប្រសិនបើយើងកំពុង ស្វែងរកការទូត (ដើម្បីដោះស្រាយជម្លោះ) ផ្លូវច្បាស់លាស់ គឺត្រូវដកទណ្ឌកម្ម ហើយមិនមានជំរើសផ្សេងទៀតនោះទេ” ។
ប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃពុធ ដោយបានជំរុញឲ្យអាមេរិក ដកទណ្ឌកម្ម ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ។
លោករ៉ូហានីបានបន្ដថា រហូតមកដល់ពេលនេះ រដ្ឋបាលអាមេរិកថ្មី មិនបានចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង និងដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់នោះទេ។
លោកក៏បានរិះគន់ផងដែរនូវហត្ថលេខីអឺរ៉ុប នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ផងដែរថា ជាផែនការសកម្មភាពរួម (JCPOA) ចំពោះអ្វីដែលលោកហៅថា ការបរាជ័យរបស់ពួកគេក្នុងការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត JCPOA របស់ពួកគេ ក្នុងការការពារផលប្រយោជន៍របស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនេះ ។
អតីតរដ្ឋបាលសហរដ្ឋអាមេរិក បានចាកចេញពី JCPOA ក្នុង ឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលបន្ទាប់ មកមានប្រតិកម្មចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ដោយចាកចេញបន្តិចម្តងៗ នូវផ្នែកនៃការប្តេជ្ញាចិត្ត របស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ៕
ដោយ ឈូក បូរ៉ា