បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ បានជួបគ្នាជាមួយមេដឹកនាំ នៃប្រទេសអូស្ត្រាលី ឥណ្ឌានិងជប៉ុន ជាក្រុមសំខាន់ ចំពោះកិច្ចប្រឹងប្រែង របស់លោក ដើម្បីទប់ទល់នឹងអំណាច យោធានិងសេដ្ឋកិច្ចកំពុងកើនឡើង របស់ប្រទេសចិន និងបាននិយាយថា តំបន់ឥណ្ឌ-ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ គឺមានសារៈសំខាន់ ចំពោះអនាគតពួកគេទាំងអស់ ។
សេតវិមាននិយាយថា កិច្ចប្រជុំដ៏សំខាន់ នៃប្រទេសមានឈ្មោះថា ក្រុមទាំង៤ ជាលើកទីមួយ ក្នុងកម្រិតលំដាប់មេដឹកនាំនេះ បង្ហាញឲ្យឃើញ នូវភាពសំខាន់ ដែលលោក បៃដិន ដាក់លើតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក និងថា វានឹងផ្តោតលើវិធីប្រយុទ្ធប្រឆាំង ការរាតត្បាតនៃមេរោគកូរ៉ូណា ក៏ដូចជាសហប្រតិបត្តិការលើកំណើនសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុ ។
លោក បៃដិន បានមានប្រសាសន៍ដូច្នេះថា “សេរីភាពនិងភាពបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺសំខាន់ខ្លាំងណាស់ចំពោះអនាគតយើងម្នាក់ៗ។ សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការងារជាមួយអ្នក ដៃគូរបស់យើង និងសម្ពន្ធមិត្តរបស់យើងទាំងអស់ ក្នុងតំបន់ ដើម្បីសម្រេចបាននូវស្ថិរភាព” ។
ចំណែកមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំនោះថា វានឹងមានការពិភាក្សាគ្នា ដោយស្មោះត្រង់និងបើកចំហ ស្តីពីតួនាទីចិនលើឆាកពិភពលោក ដោយពោលសំដៅដល់ការ ប្រជែងគ្នានៅក្នុងតំបន់ ចំពោះជំនួញនិងពាណិជ្ជកម្មសេរីនិងបើកចំហ ៕
ប្រែសម្រួល៖ប៉ាង កុង