ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) និងក្រុមរួម របស់ចិន បានស្នើឱ្យបន្ត ស្វែងរកករណី ដែលអាចកើតមាននៅដំណាក់ កាលធំទូលាយនៅជុំវិញពិភពលោក នៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Liang Wannian សមាជិកក្រុមរួមគ្នារវាងអង្គការ សុខភាពពិភពលោក និង ចិន បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានខ្លីមួយ ទៅកាន់អ្នកការទូតអឺរ៉ុប អំពីដើមកំណើត នៃវីរុសរាតត្បាតកូវីដ-១៩ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
លោក Liang បានលើកឡើងថា ប្រទេសចិន បានជំនះសម្ពាធនៃការការពារជំងឺ រាតត្បាតក្នុងស្រុក ដើម្បីធ្វើការជាមួយអង្គការ សុខភាពពិភពលោក ដោយធ្វើការស្រាវជ្រាវ ពីប្រភពដើមនៃវីរុសនេះ។ អ្នកជំនាញចិន និងអ្នកជំនាញខាងសុខភាពពិភពលោក បានធ្វើការរួមគ្នានៅទីក្រុងវូហាន ចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំនេះ។
ក្រុមការងារបានទៅទស្សនកិច្ច ៩ កន្លែងរួមមានមន្ទីរពេទ្យ Wuhan Jinyintan, ផ្សារអាហារសមុទ្រ Huanan និងវិទ្យាស្ថានវូហាន Virology ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។
លោកបានបន្ថែមថាក្រុមនេះក៏បានចុះជួប និងពិភាក្សាជាមួយបុគ្គលិកពេទ្យក្នុងស្រុកអ្នកស្រាវជ្រាវ មន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រអ្នកគ្រប់គ្រងទីផ្សារ កម្មករ សហគមន៍ បានរកឃើញអ្នកជំងឺ និងក្រុមគ្រួសារនៃបុគ្គលិកពេទ្យ ដែលបានបាត់បង់ជីវិត ដោយសាររោគរាតត្បាត។
លោកបានបន្ថែមថា ការសិក្សារួមគ្នា បានទទួលលទ្ធផលជាវិជ្ជមាន និងឈានដល់ការរកឃើញ និងការសន្និដ្ឋានមួយចំនួន ដោយសារកិច្ចខិតខំប្រឹងប្រែង ពីភាគីទាំងពីរ៕
ដោយ ឈូក បូរ៉ា