ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋរបស់នៅមីយ៉ាន់ម៉ា

ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាប បង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា  ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២ នាក់រងរបួសនៅពេលដែលកម្លាំងសន្តិសុខបានធ្វើការបង្ក្រាប យ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។

ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស នៅតាមទីប្រជុំជន ដែលមានរោងចក្រក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងនោះដែរស្ថានទូតចិនប្រចាំទីក្រុងរ៉ង់ហ្គូន បានចោទប្រកាន់ក្រុមអ្នកតវ៉ាថា បានវាយប្រហាររោងចក្រ។

មនុស្សជាច្រើននៅក្នុងចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ជឿថាប្រទេសចិន បានគាំទ្រខាងកងទ័ពចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ បានដករដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ចេគពីអំណាច។

ប្រទេសចិន គឺជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានផ្តោតសំខាន់លើយុទ្ធសាស្ត្រសំខាន់របស់ខ្លួន ចំពោះគំនិតផ្តួចផ្តើមផ្លូវសូត្រ និងខ្សែក្រវ៉ាត់ ដែលជាគម្រោង ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ។

ដោយចាត់ទុកឧប្បត្តិហេតុនេះថា ជារឿងអាក្រក់អ្នកនាំពាក្យក្រសួងការបរទេសលោកចូវ លីជៀន បានជំរុញឱ្យមីយ៉ាន់ម៉ា ចាត់វិធានការដើម្បី“ ចៀសវាងការកើតឡើងវិញនូវឧប្បត្តិហេតុបែបនេះ” ។

លោកបានលើកឡើងថា ប្រទេសចិន “មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់លើសុវត្ថិភាពនៃស្ថាប័ន និងបុគ្គលិកចិន។ សកម្មភាពនៃច្បាប់ក្រៅប្រទេសទាំងនេះ មិនមានផលប្រយោជន៍ សម្រាប់ប្រទេសមីយ៉ាន់ម៉ា និងប្រជាជនរបស់ខ្លួននោះទេ”៕ដោយ ឈូក បូរ៉ា

To Top