បរទេស៖ មន្ត្រីនំាពាក្យក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិក គួរតែលើកលែងទណ្ឌកម្ម និងផ្តល់ការធានាអះអាងថា កំហុសឆ្គង់បង្កឡើងដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនត្រូវបានកើតមានជាថ្មីឡើយ។
លោក Saeed Khatibzadeh បាននិយាយប្រាប់សន្និសីទកាសែតប្រចាំសប្ដាហ៍ថា “សហរដ្ឋអាមេរិក គួរតែលើកលែងទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងគួរតែផ្តល់ការធានាអះអាងថា កំហុសឆ្គងរបស់លោក ត្រាំ នឹងមិនកើតមានជាថ្មី ហើយបន្ទាប់មក យើងអាចពិភាក្សាគ្នាក្នុងទម្រង់ការងារនៃកិច្ចព្រមព្រៀង JCPOA“។
តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅពេលថ្មីៗនេះ បានស្នើផ្តល់ចូលរួមប្រទេសអឺរ៉ុបនានា ដើម្បីសា្តរឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់អ៊ីរ៉ង់ ដែលហៅកាត់ថា JCPOA។
គួរបញ្ជាក់ថា លោក ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មីឡើងវិញ។ ទីក្រុងតេអេរ៉ង់និយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែដកទណ្ឌកម្មជាមុន ហើយចូលរួមកិច្ចព្រមព្រៀងជាថ្មី៕ប្រែសម្រួល៖ប៉ាង កុង