បរទេស៖លោក Harry Roque ជាមន្ត្រីនាំពាក្យរបស់ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា លោកបានតេស្តវិជ្ជមានជម្ងឺកូវីដ១៩ ប៉ុន្តែបានថ្លែងថា លោកមិនបានធ្វើការទាក់ទងជាមួយមេដឹកនាំប្រទេស ចាប់តាំងពីទទួលបានលទ្ធផលតេស្តរបស់លោកមក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA NEWS នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Harry Roque បានមានប្រសាសន៍បន្តថា រូបលោកជាប្រក្រតីតែងតែធ្វើតេស្តខ្លួនឯង មុននឹងជួបជាមួយលោក ឌូតឺតេ ដូច្នេះលទ្ធផលតេស្តថ្ងៃចន្ទនេះ គឺជារឿងគួរឲ្យតក់ស្លុត។
លោកបានបន្តទៀតថា ពេលចុងក្រោយដែលលោកនៅជាមួយលោក ឌូតឺតេ នោះ គឺថ្ងៃទី១១ ខែមីនា ហើយលោកបានតេស្តអវិជ្ជមាន នៅមួយថ្ងៃមុនពេលជួបលោកប្រធានាធិបតី និងបានរក្សាគម្លាតនៅឆ្ងាយពីគ្នា។
គួរបញ្ជាក់ថា ព័ត៌មានស្តីពីការឆ្លងជម្ងឺកូវីដ១៩របស់លោក Roque នេះ គឺកើតមានឡើង ស្របពេលដែលប្រទេសហ្វីលីពីន កំពុងតែជួបប្រទះការកើនឡើងក្នុងករណីជម្ងឺកូវីដ១៩ ដោយការឆ្លងថ្មីៗមានចំនួនជិត១០.០០០ករណីថែមទៀត កាលពីចុងសប្ដាហ៍៕ប្រែសម្រួល៖ប៉ាង កុង